(ភ្នំពេញ)៖ ជំងឺទឹកនោមផ្អែម ជាជំងឺមិនឆ្លងមួយប្រភេទដែលសម្លាប់ជីវិតមនុស្សដោយស្ងប់ស្ងាត់បំផុត និងជាបញ្ហាសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា និងនៅលើសកលលោក។ដូចនេះលោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ ឯកទេសតម្រងនោម បម្រើការងារនៅមន្ទីរពេទ្យ Raffle Hospital ប្រទេសសិង្ហបុរី និងមានការិយាល័យតំណាងនៅកម្ពុជា បានព្រមានពីគ្រោះថ្នាក់ជំងឺនេះ និងបានផ្ដល់សារក្រើនរម្លឹកពីគ្រោះថ្នាក់ធ្ងន់ធ្ងរដោយជំងឺនេះ។

លោកវេជ្ជបណ្ឌិត គ្រីស្ដូហ្វ័រ លីវ បានថ្លែងថា «ជំងឺទឹកនោមផ្អែមមិនមែនកើតមានតែនៅកម្ពុជានោះទេ គឺកើតមាននៅលើសកលលោក ។ កាលណាដែលយើងនៅបណ្ដែតបណ្ដោយខ្លួន មិនថែទាំសុខភាព និងទៅពិនិត្យសុខភាពជាទៀងទាត់ ឬទាន់ពេលវេលា ពេលធ្លាក់ខ្លួនឈឺ ប៉ះពាល់ដល់ក្រលៀន និងដំណាក់កាលចុងក្រោយត្រូវលាងឈាម ទើបយើងទៅរកគ្រូពេទ្យ នោះអ្វីៗនឹងហួសពេល ខណៈដែលជំងឺទឹកនោមផ្អែម ជាជំងឺដ៏រុំារៃមួយប្រភេទ មិនបង្ហាញរោគសញ្ញាណាមួយឱ្យយើងកក់សម្គាល់បានទេ នៅដំណាក់កាលដំបូង»

លោកវេជ្ជបណ្ឌិតបានណែនាំថា​ «ជំងឺទឹកនោម យើងអាចបង្ការបានតាមរយៈរបៀបរស់នៅប្រចាំថ្ងៃឱ្យបានត្រឹមត្រូវ មានន័យថា របបអាហារឱ្យបានត្រឹមត្រូវ កុំពិសាប្រៃពេក ផ្អែមពេក និងខ្លាញ់ ច្រើនពេក ពិសេសកុំពិសាអាហារ ឬភេសជ្ជៈដែលមានជាតិស្ករខ្ពស់ កុំជក់បារី និងត្រូវធ្វើលំហាត់ប្រាណ»

ការផ្ដល់សារក្រើនរម្លឹកនេះ បានធ្វើឡើងក្នុងឱកាស លោកវេជ្ជបណ្ឌិត ត្រូវបានអញ្ជើញជាវាគ្មិនកិត្ដិយសនៅក្នុងសន្និសីទពាក់កណ្ដាលឆ្នាំលើកទី៣ ស្ដីពី «នវានុវត្ដន៍នៃការព្យាបាលលើផលវិបាកសរសៃឈាមតូចៗលើអ្នកជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត» កាលពីចុងខែមេសា ឆ្នាំ២០២៥នេះ។

សន្និសីទនេះក៏មានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួម គឺមកពីប្រទេសសិង្ហបុរី មីយ៉ាន់ម៉ា និងថៃ ព្រមទាំងមានការចូលរួមពីនិស្សិត វេជ្ជបណ្ឌិត សាស្ដ្រាចារ្យ ទាំងជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្នុងគោងបំណងដើម្បីជួបជុំ និងចែករំលែកចំណេះដឹង នវានុវត្តន៍ និងបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត។

លោកវេជ្ជបណ្ឌិតក៏បានគូសរម្លឹកទៀតថា ក្នុងរយៈពេលល២ឆ្នាំចុងក្រោយមកនេះ នៅប្រទេសសិង្ហបុរី បានព្យាបាលអ្នកជំងឺទឹកនោមផ្អែម ដោយប្រើថ្នាំប្រភេទ «non-steroidal» អាចព្យាបាលអ្នកជំងឺទឹកនោមផ្អែមដែលខូចតម្រងនោម ទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ និងមានសុវត្ថិភាពជាង បើប្រៀបនឹងថ្នាំ steroidal។

លោកវេជ្ជបណ្ឌិតបានបន្ដថា ថ្នាំព្យាបាលជំងឺទឹកនោមផ្អែមប្រភេទនេះ គឺដើម្បីទប់ទល់កុំឱ្យប៉ះពាល់ទៅកាន់តម្រងនោម។ ប៉ុន្ដែប្រើប្រាស់ថ្នាំនេះ ដាច់ខាតអ្នកជំងឺត្រូវតែពិនិត្យសុខភាព និងទទួលការណែនាំជាមួយគ្រូពេទ្យជំនាញជាមុនសិន។

ជាងនេះទៅទៀតលោកវេជ្ជបណ្ឌិតបានណែនាំលើកទឹកចិត្ដដល់ប្រជាជនអស់ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីរកឃើញជំងឺទឹកនោមផ្អែមនៅដំណាក់កាលដំបូង ការរកឃើញបានលឿន នោះប្រសិទ្ធភាពក្នុងការព្យាបាលក៏កាន់តែមានប្រសិទ្ធភាព សូមកុំចាំពេលដល់ដំណាក់ចុងក្រោយ ត្រូវលាងឈាម ឬវះកាត់ប្តូរតម្រងនោមថ្មី (ក្រលៀន )។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល គឺបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាកាត់បន្ថយអត្រាកើតថ្មី និងស្លាប់ដោយជំងឺទឹកនោមផ្អែមនេះ លើសពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០២៥នេះ បានទម្លាក់ថវិកាពិសេសប្រមាណ២០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ៕