Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឱ្យមានការរិះគន់ចំពោះ សម្ដេចព្រះនរោត្តម សីហនុ ដែលយកអង្គរក្សកូរ៉េខាងជើងការពារខ្លួន, រឿងនេះក៏មានការចូលរួមពីសម្ដេចដែលជាអ្នកស្នើប្រធានាធិបតីកូរ៉េខាងជើង (Video inside)

06-05-2025 13:17

(ឥណ្ឌូនេស៊ី)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើកុំឱ្យមានការរិះគន់ចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ដែលព្រះអង្គទ្រង់យកអង្គរក្សមកពីកូរ៉េខាងជើង ដើម្បីការពារខ្លួន មិនជ្រើសរើសចេញពីកម្ពុជា គ្រាដែលពេលនោះកម្ពុជាទើបតែបញ្ចប់សង្គ្រាម និងមិនទាន់មានសន្តិភាពពេញលេញ ហើយរឿងជ្រើសរើសអង្គរក្សមកពីកូរ៉េខាងជើងនេះ ដោយមានការចូលរួមពីសម្ដេច ហើយសម្តេចជាអ្នកលើកសំណើទៅប្រធានាធិបតីកូរ៉េខាងជើងតែម្តង។

ការបញ្ជាក់ដូចនេះរបស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនាឱកាសដែលសម្ដេចអញ្ជើញថ្លែងបាឋកថាក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និងបទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅប្រទេសឥណ្ឌូនេស៊ី។​

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំសូមបញ្ជាក់មួយទៀត មានអ្នកខ្លះនៅតែបន្តតិចទៀន សម្តេចព្រះនរោត្តម សីហនុ រហូតមកដល់ពេលនេះថា ហេតុអីបានយក អង្គររក្សកូរ៉េខាងជើងទៅការពារ, ខ្ញុំសូមជម្រាបថា រឿងនេះមិនមែនជាកំហុសរបស់សម្តេចព្រះនរោត្តម សីហនុ ទេ វាជាកំហុសរបស់ខ្ញុំ ខ្ញុំជាអ្នកទទួលខុសត្រូវ អត់ត្រូវតិចទៀនចំពោះព្រះបិតាជាតិរបស់យើងនោះទេ»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា រឿងនេះបានកើតឡើងនៅទីក្រុងហ្សាកាតា នៅពេលដែលមានការស្រុះស្រួល នៅពេលដែលសម្តេចព្រះនរោត្តម សីហនុ ត្រូវយាងវិលត្រឡប់មកកម្ពុជាវិញដោយបាន​បង្កើត​គណប្រធានជាតិ ហើយសម្តេចព្រះនរោត្តម សីហនុ យាងស្នាក់នៅក្នុងព្រះរាជវាំង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះទៀតថា «​នៅថ្ងៃទី០៦ ខែមិថុនា សម្តេចព្រះនរោត្តម សីហនុ បានជួបខ្ញុំម្តងទៀត ដោយខ្ញុំសួរថាព្រះអង្គគង់នៅឯណា? ពេលនឹងព្រះកូណាបិតា ព្រះអង្គបាននិយាយថា ឯកឧត្តមការពារខ្ញុំផង ប្រយ័ត្នខ្មែរក្រហមចូលវាំង លួចសម្លាប់ខ្ញុំ ដោយពេលនោះខ្ញុំគិតថា អត់អីទេកម្លាំងទូលបង្គំរក្សាបាន ក្នុងករណីដែលព្រះអង្គសព្វព្រះទ័យ ជ្រើសរើសយកអង្គរក្សបរទេស ដូចជាបារាំងជាដើម គឺសូមព្រះអង្គយកទៅជួយការពារ ទូលបង្គំការពារខាងក្រៅ អ្នកទាំងនោះការងារខាងក្នុង ពេលនោះព្រះអង្គថា ទេ ខ្ញុំយកកូរ៉េខាងជើង»

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា គ្រានោះនៅពេលដែលសម្តេចទៅទស្សនកិច្ច ជាមួយសម្តេចព្រះនរោត្តម សីហនុ នៅកូរ៉េខាងជើង បានជួបប្រធានាធិបតីកូរ៉េខាងជើង សម្តេចបានស្នើទៅ​ប្រធានាធិបតី​កូរ៉េខាងជើង ជួយបញ្ជូនកម្លាំងមួយក្រុម ដែលមានទាំងអ្នកការពារ, អ្នកពិនិត្យម្ហូប មានទាំងក្រុមគ្រូពេទ្យ សព្វបែបយ៉ាង ដើម្បីចូលរួមជួយការពារសុវត្ថិភាពរបស់សម្តេចព្រះនរោត្តម សីហនុ ដូចនេះហើយ​សូមកុំបន្ទោសថា សម្តេចព្រះនរោត្តម សីហនុ ថាមិនបានជឿទុកចិត្តកម្លាំងរបស់កម្ពុជានោះ៕