Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេះដូងមនុស្សធម៌ ជាមួយនឹងការចែករំលែកក្ដីស្រឡាញ់! ឧកញ៉ា ឡេង និមល ស្ងោរតុមយ៉ាំបង្កងដោយផ្ទាល់ដៃ ចែកជូនកុមារនៅមណ្ឌល «ទឹកដីសប្បាយ» ខេត្ដកណ្ដាល

06-05-2025 13:09

(កណ្ដាល)៖ ឧកញ៉ា ឡេង និមល អនុប្រធានយុវជនបូជាការពារយុត្តិធម៌ និងលោកស្រី រឿន ស្រីពេជ្រ កាលពីពេលថ្មីៗនេះ បាននាំយកអំណោយ និងធ្វើម្ហូបដោយផ្ទាល់ដៃចែកជូនប្អូនៗកុមារនៅមណ្ឌល «ទឹកដីសប្បាយ» នៅភូមិព្រៃទម្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ឧកញ៉ា ឡេង និមល បានលើកឡើងអមជាមួយនឹងអារម្មណ៍សប្បាយរីករាយថា នៅពេលក្រុមការងារបូជាការពារយុត្តិធម៌ បានទៅដល់ក្មេងៗ ប្អូនៗនៅទីនោះ បង្ហាញអារម្មណ៍សប្បាយរីករាយ រំភើប និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។

ក្រោយពីសំណេះសំណាលជាមួយប្អូនៗរួច ឧកញ៉ា និងលោកស្រីបានចូលទៅធ្វើម្ហូប សម្លរតុមយ៉ាំបង្កងយ៉ាងឈ្ងុយឆ្ញាញ់ពិសារ។ បន្ទាប់ពីស្លរឆ្អិនឧកញ៉ា ឡេង និមល បានដួសដាក់ចាន និងរៀបចំជូនប្អូនៗបានពិសារគ្រប់ៗគ្នា។ ឆ្លើយតបជាមួយនឹងទឹកចិត្ដដ៏ល្អនេះ ប្អូនៗនៅមណ្ឌល «ទឹកដីសប្បាយ» បានថ្លែងអំណរគុណលោកឧកញ៉ា និងក្រុមការងារយុវជនបូជាការពារយុត្តិធម៌ និងបានស្នើឱ្យលោកមកធ្វើម្ហូបឱ្យហូបនៅលើកក្រោយៗទៀត។

សូមជម្រាបជូនថា ឧកញ៉ា ឡេង និមល អនុប្រធានយុវជនបូជាការពារយុត្តិធម៌ និងលោកស្រី និងក្រុមការងារ ជានិច្ចកាលតែងតែចែករំលែកក្ដីស្រឡាញ់ អំណោយជាអង្ករ គ្រឿងឧបភោគ-បរិភោគ រួមជាមួយនឹងថវិកាជាច្រើនដល់បងប្អូនដែលមានជីវភាពខ្វះខាត ខ្វះភាពកក់ក្ដៅ ដូចជាកីឡាករ សិល្បករ-សិល្បការិនី កុមារកំព្រា និងកុមារនៅតាមមណ្ឌលនានា៕