(ហ្សាការតា,ឥណ្ឌូនេស៉ី)៖ សម្ដេចតេជោ ហ៊ុន សែន ស្ថានិកនយោបាយឈ្នះឈ្នះ និងជាអ្នកពន្លត់ភ្លើងសង្គ្រាមកម្ពុជាដោយផ្ទាល់ដៃ ដែលបច្ចុប្បន្នភាពប្រធានព្រឹទ្ធសភារបស់កម្ពុជា បានមានប្រសាសន៍ទាំងអួលដើមក និងស្រក់ទឹកភ្នែក នៅពេលនឹកដល់រឿងរ៉ាវឈឺចាប់របស់ប្រទេសកម្ពុជា ដែលមានសង្គ្រាមរ៉ាំរ៉ៃ និងពិសេសនៅពេលសម្ដេចធ្វើដំណើរទៅស្វែងរកជំនួយគាំទ្រ ពីភាគីវៀតណាម ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។

តាមរយៈបាឋកថាក្នុងសិក្ខាសាលា ស្តីពី «ទស្សនៈ និង បទពិសោធន៍នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចអាស៊ាន និង អាស៊ីបូព៌ា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នៅពេលធ្វើដំណើរទៅស្វែងរកការជួយគាំទ្រ ដើម្បីផ្ដួលរំលំរបបខ្មែរក្រហមជាមួយយុទ្ធមិត្តនោះ សម្ដេចក៏ធ្លាប់គិតប៉ុងធ្វើអត្តឃាតដោយខ្លួនឯងផងដែរ នៅពេលទៅដល់ប្រទេសវៀតណាម ហើយវៀតណាមចាប់ខ្លួនសម្ដេចប្រគល់មកឲ្យខ្មែរក្រហមវិញ តាមរយៈម្ជុល១២ដើម ដើម្បីចាក់បំពង់ក។

ដោយសារតែទ្រាំមិនបានជាមួយទង្វើឃោរឃៅព្រៃផ្សៃរបស់របបខ្មែរក្រហម ដែលកាប់សម្លាប់មនុស្សជាង៣លាននាក់ ក្នុងរយៈពេលជាង៣ឆ្នាំ សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះមានឋានៈជាមេបញ្ជាការកងវរសេនាធំ គ្រប់គ្រងលើកម្លាំងកងទ័ពជាង២ពាន់នាក់ បានសម្រេចចាកចេញទៅប្រទេសវៀតណាម ប្រថុយជាមួយនឹងជម្រើសចុងក្រោយ ដើម្បីរំដោះជាតិកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, នៅយប់ថ្ងៃទី២០​ ខែមិថុនា ឆ្នាំ១៩៧៧ សម្ដេចក្នុងវ័យ២៥ឆ្នាំ រួមជាមួយយុទ្ធមិត្តចំនួន៤នាក់ផ្សេងទៀត បានចាកចេញពីប្រទេសកម្ពុជា ក្នុងភូមិសាស្ដ្រស្រុកមេមត់ ខេត្តកំពង់ចាម ចោលប្រពន្ធ និងកូនក្នុងផ្ទៃ ដើម្បីធ្វើដំណើរឆ្លងទៅកាន់ប្រទេសវៀតណាម។ ក្នុងដំណើរកណ្ដាលរាត្រីដ៏គ្រោះថ្នាក់ សម្ដេចកាលនោះបានត្រៀមនូវជម្រើសមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកខ្មែរក្រហម ប៉ុន្ដែសម្ដេចសម្រេចចិត្តឆ្លងព្រំដែន ដើម្បីស្នើសុំវៀតណាមជួយរំដោះប្រទេស ដែលនេះជាជម្រើសល្អបំផុតនៅក្នុងគ្រាដ៏លំបាកនេះ។

អ្វីដែលជាជម្រើសនៅពេលនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា មានរហូតដល់ទៅ៤ជម្រើស ក្នុងនោះ ទី១៖ ប្រើកងទ័ពនៅក្នុងដៃជាង២ពាន់នាក់ ដើម្បីវាយកាន់កាប់តំបន់មួយចំនួន ប៉ុន្ដែនេះជាជម្រើសដ៏គ្រោះថ្នាក់ ដោយសារកងទ័ពរបស់ប៉ុល ពត មានចំនួនច្រើនជាង, ទី២៖ ដកខ្លួនចេញទៅកាន់ប្រទេសវៀតណាម ដើម្បីជួយរំដោះប្រទេស, ទី៣៖ មិនធ្វើអ្វីទាំងអស់ ដោយទុកឲ្យពួកខ្មែរក្រហមចាប់យកទៅសម្លាប់ និងទី៤៖ ធ្វើអត្តឃាតខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ធ្វើអត្តឃាតដោយខ្លួនឯងមិនមែនជាជម្រើសល្អទេ ប៉ុន្ដែខ្ញុំបានត្រៀមធ្វើអត្តឃាតខ្លួន ប្រសិនបើខ្ញុំឆ្លងទៅវៀតណាម វៀតណាមចាប់បញ្ជូនខ្ញុំមកកម្ពុជាវិញ ពេលនោះខ្ញុំនឹងធ្វើអត្តឃាតដោយខ្លួនឯង។ ខ្ញុំបានទុកម្ជុលចំនួន១២ដើម នៅក្នុងហោប៉ៅខោរបស់ខ្ញុំ ប្រសិនបើវៀតណាមចាប់បញ្ជូនខ្ញុំមកឲ្យប៉ុល ពត ពេលនោះខ្ញុំនឹងម្ជុលទាំង១២ដើម បុកបំពងករបស់ខ្ញុំដើម្បីធ្វើអត្តឃាត ខ្ញុំមិនឲ្យខ្មែរក្រហមសម្លាប់ខ្ញុំទេ»

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានទាញនូវការចាប់អារម្មណ៍ ដោយសង្កត់ធ្ងន់ថា ក្នុងវ័យ២៥ឆ្នាំ ត្រូវចាកចោលប្រពន្ធកំពុងមានផ្ទៃពោះ ហើយកូននៅក្នុងផ្ទៃពេលនោះ គឺជានាយករដ្ឋមន្ដ្រីរបស់កម្ពុជានាពេលបច្ចុប្បន្ន។ សម្ដេចអះអាងថា ទឹកភ្នែករាប់សែន រាប់លានដំណក់របស់សម្ដេច គឺជាការឈឺចាប់ដោយសារការព្រ័តប្រាស់ពីប្រទេសជាតិ ព្រោះសម្ដេចមិនមែនគិតតែប្រពន្ធកូនឡើយ ពោលទាំងប្រជាជនកម្ពុជាទាំងមូល។

ក្រោយភ្លៀងមេឃស្រឡះ នៅពីក្រោយការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តទាំង៤នាក់ទៅកាន់ប្រទេសវៀតណាមហើយនោះ ភាគីវៀតណាមបានទទួលស្ដាប់នូវអ្វីដែលសម្ដេចបានរៀបរាប់ ហើយយល់ព្រមក្នុងការជួយរំដោះប្រទេស និងប្រជាជនកម្ពុជា ពីកណ្ដាប់ដៃដ៏ឃោរឃៅរបស់ពួកខ្មែរក្រហម។ ដោយសារការលំបាកមិនអាចកាត់ថ្លៃបាននេះហើយ ទើបសម្ដេចប្ដូរផ្ដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ មិនអាចឲ្យអ្នកណាមកបំផ្លាញសន្ដិភាពរបស់កម្ពុជានៅពេលនេះបានឡើយ៕