(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានថ្លែងថាក្នុងនាមរាជរដ្ឋាភិបាល សម្ដេចពុំមានពេលវេលានឹងចលនាដែលចង់បំផ្លាញប្រទេសនោះទេ គឺសម្ដេចមានតែពេលគិតគូរដល់ការកសាងប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្ដេចអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ។

ថ្លែងទៅកាន់អង្គពិធី, សម្ដចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រយៈពេលជាង៤០ឆ្នាំនៃការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា និងនៅក្នុងអាណត្តិថ្មីនេះសម្ដេចមិនបានសម្រាកទេ គឺត្រូវកសាងសមិទ្ធផលផ្សេងៗរាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែ ព្រលានយន្តហោះ ពិពិធកម្មទឹកកង្វក់ បូកជាមួយការបើកចេញគោលនយោបាយទាក់ទាញការវិនិយោគ បង្កើតការងារជូនប្រជាពលរដ្ឋ រៀបចំខ្សែចង្វាក់ផលិតកម្មនៅរោងចក្រផ្សេងៗជាទិ៍..ដើម្បីកសាងសមិទ្ធផលជូនប្រជាជន។

បន្ថែមពីនេះ សម្ដេចបវរធិបតី បានថ្លែងបន្តថា យើងបានពង្រីកនូវសមិទ្ធផលជាច្រើនជូនប្រជាពលរដ្ឋ ហើយនេះជាអ្វីដែលប្រជាជនចង់បានសមិទ្ធផលនេះ ជាក់ស្ដែងការសាងសង់ផ្លូវឱ្យគាត់ធ្វើដំណើរស្រួល បានជួយកាត់បន្ថយទាំងចំណាយ និងពេលវេលា។ «ទាំងអស់នេះហើយគឺជាផ្ការីកនៃសមិទ្ធផលសម្រាប់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា»។ បើតាមការបញ្ជាក់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

ដោយ សម្ដេចនាយករដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា៖ «ពីណាចង់កាងផ្ការីក..ចង់ផ្ដួលជារឿងរបស់គេ ខ្ញុំជឿថាប្រជាពលរដ្ឋយើងឆ្អែតហើយរឿងរញ៉េរញ៉ៃ...តែទីបំផុតយើងរស់នៅក្នុងសុខសន្តិភាព ស្ថេរភាព ហើយនេះហើយជាការណ៍ដែលយើងចង់បាន។ កម្ពុជាមិននៅនឹងថ្កល់ទេ ដរាបណាយើងមានសន្តិភាព ស្ថេរភាព អត់វៃគ្នា អត់បំបែកគ្នា អត់កាប់ចាក់គ្នាទៀត យើងនឹងបន្តទៅមុខរួមសមិទ្ធផលជាមួយគ្នា កសាងសមិទ្ធផលបន្ថែម ដើម្បីបងប្អូនទាំងអស់គ្នា»