(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋមានសុខភាពល្អជាលាភ ជាទ្រព្យ តែពលរដ្ឋមានសុខភាពមិនល្អជាបន្ទុក អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលយកចិត្តទុកដាក់ លើការលើកកម្ពស់សុខភាព ប្រជាពលរដ្ឋឱ្យល្អប្រសើរ ហើយនៅពេលសុខភាពប្រជាពលរដ្ឋមិនល្អ កម្លាំងអភិវឌ្ឍន៍ជាតិក៏ជួបបញ្ហាដែរ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញបើកការដ្ឋានសាងសង់ ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្ដោតកាន់តែខ្លាំងសុខភាព និងសុខលភាពរបស់ប្រជាជន ទាំងនៅទីប្រជុំជន និងជនបទ ហើយការអភិវឌ្ឍន៍ ប្រព័ន្ធចម្រោះទឹកកខ្វក់ជាបន្ដបន្ទាប់ នេះជាការខិតខំមួយនៃចំណែកនៃ ការខិតខំប្រឹងប្រែងទាំងឡាយ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់បណ្ដាលមកពីការឆ្លងជំងឺកង្វះអនាម័យ និងបរិស្ថានកង្វក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បា​នថ្លែងបន្ដថា «សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សុខភាពជាគោលសំខាន់ បើយើងមានសុខភាព យើងមានធនធាន បើសុខភាពលំបាកយើងជាបន្ទុក មិនខុសពីគ្រួសារមួយទេប្រសិនបើមានកូនម្នាក់ពេញរូបរាង មានសមត្ថភាព មានចំណេះដឹងជួយរកស៊ី រកចំណូលចិញ្ចឹមគ្រួសារ ប៉ុន្ដែបើកូនកើតមកដើរមិនរួច មិនគ្រប់ ឬមានជំងឺប្រចាំកាយ នេះគឺជាបន្ទុកដល់គ្រួសារ ប្រជាពលរដ្ឋម្នាក់ជាបន្ទុកគ្រួសារម្នាក់ ប៉ុន្ដែប្រជាពលរដ្ឋច្រើនជាកម្លាំងសំខាន់របស់ជាតិ»

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា «ដូច្នេះហើយបានជាច្រើនអណ្ណតិ ហើយនៅជិត២០ខែនៃនិតិកាលទី៧របស់រាជរដ្ឋាភិបាល ខ្ញុំបានដាក់ចេញគោលនយោបាយ បើកការសាងសង់ និងសមិទ្ធិផលបានច្រើន ហើយខ្ញុំអាចនិយាយបានថា ក្នុងសមិទ្ធិផលសុខាភិបាល ក្នុង២០ឆ្នាំមកនេះគឺសម្ពោធបានច្រើន បើធៀបនឹងសមិទ្ធិផលផ្សេងៗទៀត ការចូលរួមបើកមន្ទីរពេទ្រតេជោ សន្ដិភាព មន្ទីរពេទ្របង្អែកស្រុកនៅកោះធំ ការរៀបចំសម្ពោធ និងចាប់ផ្ដើមដំណើរការនៅមណ្ឌលវះកាតនៅសៀមរាប ការដាក់ចេញគោលនយោបាយពង្រីកវិសាលភាព គ្រប់ដណ្ដប់នៃប្រព័ន្ធសុខាភិបាល រៀបចំប្រព័ន្ធប.ស.ស ពង្រីកបន្ថែមដោយកើនរាប់សែននាក់នៃប្រជាជនដែលបានប្រើប្រាស់ នេះសុទ្ធតែជាគោលដៅ សុទ្ធតែជាអទិភាពនៃគោលនយោបាយ ប៉ុន្ដែមិនមែនជាអទិភាពគោលនយោបាយលើកក្រដាសទេ ប៉ុន្ដែជាអ្វីដែលបានធ្វើជាក់ស្ដែង»