(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមអន្តរសម័យប្រជុំ រដ្ឋមន្រ្តីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) លើកទី២ ដែលប្រព្រឹត្តឡើងនៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន ពីថ្ងៃទី៣-៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ ។
កិច្ចប្រជុំនេះ មានការចូលរួមពី រដ្ឋមន្រ្តីសេដ្ឋកិច្ច ប្រទេសអាស៊ានទាំង១០ ជាមួយនឹងប្រទេសអូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និងនូវែល ហ្សេឡង់។ បន្ថែមពីនេះ កិច្ចប្រជុំបានពិនិត្យ វាយតម្លៃលើវឌ្ឍនភាព នៃកិច្ចប្រជុំកន្លងមក និងផ្តល់នូវការណែនាំ គោលនយោបាយជាយុទ្ធសាស្ត្រ នៅក្នុងវិស័យសំខាន់ទាំង៣គឺ ពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគ សម្រាប់វគ្គចរចានានា នៅពេលអនាគត។
ជាមួយគ្នានេះ កិច្ចប្រជុំបានជំរុញអ្នកចរចាទាំងអស់ ឲ្យបន្តការប្តេជ្ញាចិត្ត និងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង RCEP ដែលមានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ គុណភាពខ្ពស់ និងមានប្រយោជន៍ទៅវិញទៅមក។ ជាងនេះទៅទៀត កិច្ចប្រជុំ ក៏បានស្វាគមន៍ចំពោះការបញ្ចប់ការចរចា លើជំពូកស្តីពីសហប្រតិបត្តិការ សេដ្ឋកិច្ច និងបច្ចេកទេស នៅក្នុងវគ្គចរចាលើកទី១៥ នៅទីក្រុងធានជីន ប្រទេសចិន ដែលជាការលើកទឹកចិត្ត សម្រាប់បញ្ចប់ការចរចា នៅក្នុងវិស័យដទៃទៀត ឲ្យបានឆាប់ចប់ ដើម្បីទទួលផលប្រយោជន៍ ពីកិច្ចព្រមព្រៀងនេះ។
ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្ដិ ក៏បានចុះហត្ថលេខាលើពិធីសារទី២ សម្រាប់អនុវត្តកិច្ចព្រមព្រៀងវិនិយោគអាស៊ាន (ACIA) ផងដែរ៕