Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកជំទាវឧកញ៉ា នួន ពេជ្រសុផល និងក្រុមគ្រួសារ ចំពោះមរណភាព មហាឧបាសិកា ឈិត សន ត្រូវជាម្តាយបង្កើត

06-05-2025 07:29

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានចាត់លោក ឌួង អេលីត នាយកពិធីការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងជាជំនួយការប្រធាន សភាពាណិជ្ជកម្មកម្ពុជា ជាទីប្រឹក្សាក្រសួងសភាពាណិជ្ជកម្ម ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព មហាឧបាសិកា ឈិត សន កាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៣៖៣៦នាទី ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏សែនក្ដុកក្ដួលនេះ លោក ឌួង អេលីត បាននាំនូវការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យពន់ពេកជាមួយនឹងលោកជំទាវឧកញ៉ា នួន ពេជ្រសុផល និងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយបង្កើត ដែលមានព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃ ក្នុងការខិតខំតស៊ូចិញ្ចឹមបីបាច់ថែរក្សា ផ្តល់ឱវាទល្អៗដល់បុត្រធីតា និងចៅៗមានអនាគតរុងរឿង រហូតក្លាយជាបញ្ញវន្ត ជាឥស្សរជនជាន់ខ្ពស់ ដែលជាមូលធនមនុស្សដ៏សំខាន់របស់សង្គមជាតិ និងក្នុងមនុស្សធម៌។ លើសពីនេះទៅទៀត មហាឧបាសិកា ឈិត សន តែងតែបានរួមចំណែកកសាងសមិទ្ធផលនានា ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឈិត សន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕