Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរដៃឆៅដាក់ថ្នាំបំពុលឆ្កែ និងឆ្មា ងាប់៨ក្បាល លួចយកម៉ូតូ១គ្រឿងបានសម្រេច, សមត្ថកិច្ចដាក់កម្លាំងការពារសន្តិសុខបន្ថែម

04-11-2016 18:18

(ពោធិ៍សាត់)៖ ពលរដ្ឋមួយគ្រួសារនាំគ្នាផ្អើលឆោឡោ ទាំងកណ្ដាលអាធ្រាត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង និងកម្លាំងសមត្ថកិច្ច ក្រោយដឹងថា មានក្រុមចោរបានលួច​យកម៉ូតូទំនើប​១គ្រឿង​ពីក្នុងផ្ទះ ព្រមទាំងដាក់ថ្នាំបំពុលសម្លាប់ឆ្កែរបស់ពួកគាត់ ៦ក្បាល ដោយទាំងឆ្មា២ក្បាលទៀត។  

ករណីបំពុលសត្វប្លន់យកម៉ូតូនេះ កើតឡើងនៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឈានចូលថ្ងៃទី៤ ក្នុងផ្ទះពលរដ្ឋម្ចាស់ម៉ូតូ ស្ថិតនៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅមុននេះថា ក្រុមចោរដែលដាក់ថ្នាំបំពុលឆ្កែងាប់៦ក្បាល និងឆ្មា២ក្បាល នៅយប់ម៉ិញនោះ បានលួចយកម៉ូតូអស់១គ្រឿង ម៉ាក Honda Dream ស៊េរី២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-6316 ជាកម្មសិទ្ធិរបស់ពលរដ្ឋឈ្មោះ សឿង ផល្លី អាយុ៤៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ គ្រួសារពលរដ្ឋរងគ្រោះបានឡើងទៅសម្រាកលើផ្ទះ ដោយដាក់ម៉ូតូនៅក្រោមផ្ទះគ្មានបន្ទប់ ហើយចាក់សោ.កដូចធម្មតា ដោយមិនដឹងពីសកម្មភាព​របស់ក្រុមចោរ ដាក់ថ្នាំបំពុលឆ្កែ និងឆ្មាឡើយ លុះដល់វេលាម៉ោងប្រហែល ១២៖៤៥នាទី រំលងអាធ្រាត្រ ជនរងគ្រោះបានក្រោកទៅបត់ជើងតូច ក៏ប្រទះឃើញឆ្កែរបស់ខ្លួនពុលងាប់៦ក្បាល រួមនិងឆ្មា២ក្បាល ហើយនាំគ្នាផ្អើលឆោឡោទាំងយប់តែម្តង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានយកចិត្តទុកសហការគ្នា ដាក់ពង្រាយកម្លំាងល្បាតការពារសន្តិសុខ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងយប់ទាំងថ្ងៃ និងស្រាវជ្រាវតាមចាប់ក្រុមចោរខាងលើ ដើម្បីយក​ទៅផ្ដន្ទាទោស​តាមច្បាប់៕