(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវដល់ លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងវិស្វកម្មលេខ៥៤៩ ចំនួន២១៦នាក់ ដែលទើបបញ្ចប់បេសកកម្មរបស់អង្គការសហប្រជាជាតិនាថ្ងៃនេះ ប្រញាប់រួសរាន់ទៅចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ឆ្នាំ២០១៧ ដើម្បីបំពេញតួនាទី ជាពលរដ្ឋល្អក្នុងសង្គមជាតិ។
ការអំពាវនាវបែបនេះធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្ដ្រី ចូលរួមទទួលដំណើរនិវត្តន៍មកដល់កម្ពុជា របស់កងកម្លាំងវិស្វកម្មលេខ៥៤៩ ដែលទើបបញ្ចប់បេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិចកណ្ដាល ដែលប្រព្រឹត្តទៅនៅ មូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ក្នុងពិធីនេះក៏មានការចូលរួមពី លោកស្រី ANNE LEMAISTRE តំណាងអ្នកសម្របសម្រូល របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា និងលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ ព្រមទាំងមន្ដ្រីយោធាជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ ក៏បានសម្ដែងការអបអរសាទរចំពោះជោគជ័យ និងស្នាដៃដែលកម្លាំងមួកខៀវកម្ពុជា សម្រេចបានក្នុងការបំពេញបេសកកម្មអន្ដរជាតិ ដើម្បីបុព្វហេតុ សន្ដិភាព មនុស្សធម៌នៅលើពិភពលោក និងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិ ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានសហការអនុវត្តការងារវិស័យរក្សាសន្ដិភាពទទួលជោគជ័យជាបន្ដបន្ទាប់ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តនយោបាយការពារជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ក្នុងនោះដែរ លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បានបញ្ជាក់អំពីលទ្ធផលការងារ របស់កម្លាំងកងវិស្វកម្មសំណង់លេខ៥៤៩ មានដូចជា កម្ទេចគ្រឿងផ្ទុះ ដោះបន្សាបគ្រាប់បែកដៃ កម្ទេចចោលគ្រាប់យុទ្ធភ័ណ្ឌមួយចំនួន និងបានធ្វើសកម្មភាពមនុស្សធម៌ ដោយផ្គត់ផ្ទង់ទឹកសុទ្ធជូនដល់មន្ដ្រី-បុគ្គលិក កងមន្ទីរពេទ្យកម្រិត២រ៉ូវ៉ាន់ដា កងកម្លាំងនេប៉ាល់ បេណាំង ស្រីលង្ការ និងនាយទាហានសេនាធិការ សង្កេតការណ៍ជាដើម។
ជាមួយគ្នានេះ លោកស្រី ANNE LEMAISTRE បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានតាំងចិត្តជួយ ដល់អ្នកដទៃ ក្នុងការចែករំលែកជំនាញដល់បណ្ដាប្រទេសនានា ដែលកំពុងទទួលការរងទុក្ខដោយសារជម្លោះឲ្យមានសន្ដិភាព ដូចនេះជាប្រភពមួយនៃការលើកទឹកចិត្ត ដ៏មានតម្លៃដល់ប្រទេសជាច្រើនដើម្បីសន្ដិភាព សន្ដិសុខ មិត្តភាព ជាលក្ខណៈអន្ដរជាតិ ហើយបាននាំមកនូវកិត្ដិយសជូនទាំងអង្គភាព ទាំងទាហានរួមជំនាន់ និងប្រទេសជាតិទាំងមូល និងជាគំរូសម្រាប់ពិភពលោក៕