(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦នេះ ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ក់ ពេជ្ជរិទ្ធិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល និង ថ្នាក់ដឹកនាំខេត្ត សាខាកាំកុងត្រូលខេត្តស្វាយរៀង រួមជាមួយមន្ទីរពាណិជ្ជកម្ម និង អាជ្ញាធរដែនដី បានធ្វើការចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅទីកន្លែងតាំងពិរពណ៌ក្នុងឱកាសពិធីបុណ្យអុំទូក នៃខេត្តស្វាយរៀង និងបានធ្វើតេស្តបឋមទៅលើផលិតផលមួយចំនួន ដើម្បីរកសារធាតុគីមីដែលហាមឃាត់មិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងម្ហូបអាហារ និងពិនិត្យម្ហូបអាហារវេចខ្ចប់ស្រេច អំពីសុពលភាពប្រើប្រាស់ គុណភាព សុវត្ថិភាព និងអនាម័យ ។
តែជាលទ្ធផលបង្ហាញអោយឃើញថា ពុំមានសារធាតុគីមីត្រូវបានប្រើប្រាស់លើម្ហូបអាហារទាំងនោះទេ។
ជាមួយគ្នានេះ ក្រុមការងារក៏បានណែនាំអោយអាជីវករទាំងអស់ដាក់តាំងលក់នូវប្រភេទទំនិញ និងម្ហូបអាហារដែលគ្មានលាយបន្ថែមនូវសារធាតុ គីមី មានគុណភាព សុវត្ថិភាព មានអនាម័យ ដើម្បីចូលរួមចំណែកថែរក្សាសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា ក៏ដូចជាសុខមាលភាពសង្គម។
បន្ថែមពីនេះលោកប្រធានសាខាកាំកុងត្រូលក៏ធ្វើការណែនាំអោយបងប្អូនប្រជាពលរដ្ឋមុននឹងទិញនូវចំណីអាហារដែលមានគុណភាព និងមានសុពលភាពត្រឹមត្រូវ ៕