(ភ្នំពេញ)៖ ជនជួញដូរថ្នាំញៀនប្រុសស្រី៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវ និងប្រជាការពារតាមស្រាវជ្រាវ រហូតបង្ក្រាបបានដោយដកហូត ថ្នាំញៀន៣៤២កញ្ចប់ ជញ្ជីងថ្លឹង១ និងឧបករណ៍ប្រើប្រាស់ផងដែរ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងនៅវេលាម៉ោង១១៖៣០នាទី ថ្ថៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅផ្លូវបេតុង ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ជនសង្ស័យជាប់ពាក់ព័ន្ធជួញដូរ នូវសារធាតុញៀនដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ អួង ចាន់នី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរបុគ្គលិកហាងទន្លេសាប, ទី២-ឈ្មោះស្មាន រ៉ូនី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកហាងបារាំង ទី៣-ឈ្មោះសុខ ណាវី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ និងទី៤-ឈ្មោះអ៊ួង ចិន្ដា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា មុនឈានទៅបង្ក្រាបមុខសញ្ញាជួញដូរនេះដែរ កម្លាំងនគរបាលបានបន្តការ
សហការស្រាវជ្រាវរហូតកំណត់ បានសមាសភាព និងទីតាំងដែលក្រុមទាំងនេះ ធ្វើសកម្មភាពចរាចរថ្នាំញៀន ទើបថ្ងៃនេះបើកការលបឆ្មក់បង្ក្រាបតែម្ដង ដោយឃាត់ខ្លួនជនសង្ស័យស្រីប្រុស៤នាក់ និងរកឃើញដកហូតបានថ្នាំញៀនជាម៉ាទឹកកក ៣៤២កញ្ចប់តូច ជញ្ជីងសម្រាប់ថ្លឹង១ សម្ភារថ្លែងបន្លំជាថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន ។
មន្ត្រីនគរបាលដដែល បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងត្រូវបញ្ជូនមក ឃុំខ្លួនសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បី រៀបចំកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕