Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខណ្ឌឫស្សីកែវ ចុះជួបផ្ទាល់ជាមួយពលរដ្ឋ ២០គ្រួសារ និងរិះរកវិធីដោះស្រាយបញ្ហាជូនពួកគាត់

04-11-2016 17:08

(ភ្នំពេញ)៖ អភិបាលរងខណ្ឌប្ញស្សីកែវ លោក ស៊ូ សោគន្ធ រួមជាមួយលោក សន សោភ័ណ្ឌ នាយករដ្ឋបាលខណ្ឌ បានចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋទាំង២០គ្រួសារ ដែលកំពុងជួបបញ្ហាដីធ្លីមួយចំនួន ដើម្បីស្ដាប់នូវសំណូមពរ និងរិះរកវិធីដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ ទៅតាមស្ថានភាពជាក់ស្ដែង។

ជំនួបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពី លោកអធិការងនគរបាលខណ្ឌ, មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, ការិយាល័យពាក់ព័ន្ធ តំណាងអាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋចំនួន ២០គ្រួសារ ដែលបានស្នើសុំអាស្រ័យផល លើដីគម្រោងអភិវឌ្ឍន៍សួនច្បារថ្មី មានទីតាំងស្របតាមមាត់ទន្លេសាប តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជាលទ្ធផលទទួលបាន ប្រជាពលរដ្ឋទាំង២០គ្រួសារខាងលើ បានស្នើដល់អាជ្ញាធរនូវសំណើមួយចំនួន រួមមាន៖
ទី១.សុំកាន់កាប់ទីតាំងដីសួនច្បារខាងលើជាបណ្តោះអាសន្នសិន ដើម្បីប្រកបរបរអាជីវកម្ម ប្រសិនបើអាជ្ញាធរពុំទានធ្វើការអភិវឌ្ឍន៍, ទី២.ពេលណាអាជ្ញាធរចាប់ផ្ដើមអភិវឌ្ឍន៍ដីនោះ ជាសួនច្បារ ប្រជាពលរដ្ឋនឹងប្រគល់ដីជូនរដ្ឋវិញ និងស្នើឲ្យរដ្ឋជួយដោះស្រាយគោលនយោបាយបន្ត។
 
ជាការឆ្លើយតប លោកអភិបាលរងខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ បានឯកភាពទទួលសំណើរបស់ប្រជាពលរដ្ឋខាងលើ ហើយត្រូវបានអាជ្ញាធរខណ្ឌបន្តយកទៅពិភាក្សាបន្ថែមទៀត ដើម្បីស្វែងរកដំណោះស្រាយសមស្របជូនពួកគាត់៕