(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចុះពិនិត្រផ្ទាល់ នៃការវាយតម្លៃលើកទី៨ នៃវគ្គ NBC-FSI Connect ហើយនឹងធ្វើឡើងជាបន្តបន្ទាប់រហូត ដល់បញ្ជប់តាមកម្រិតនីមួយៗ នៅចំពោះមុខគណៈកម្មការគ្រប់គ្រងវគ្គ ដើម្បីធានាគុណភាពសិក្សា និងជឿទុកចិត្តលើលទ្ធផល។
ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីបុគ្គលិករបស់ខ្លួន មកពីតាមបណ្តាសាខារាជធានី-ខេត្ត ក្រោយពីការសិក្សាដោយខ្លួនឯងតាម Online ក្នុងកម្មវិធី FSI Connect ។
កម្មវិធីសិក្សា FSI Connect នេះបានរៀបចំឡើងដោយវិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ (FSI) នៃធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) ដែលមានស្នាក់ការកណ្តាល នៅប្រទេសស្វ៊ីស។
បច្ចុប្បន្នធនាគារកណ្តាលជាង១០០ នៅលើពិភពលោក បានទិញជូនមន្ត្រីខ្លួនក្នុងការសិក្សាលើ ឯកទេសកម្មត្រួតពិនិត្យធនាគារ ដែលមានសិក្ខាកាមសរុបចំនួនជាង ១០,០០០នាក់ កំពុងសិក្សា ដែលក្នុងនោះមានមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជាផងដែរ ។
សូមបញ្ជាក់ថា វគ្គសិក្សា NBC – FSI Connect នេះបានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ មកក្រោយពីសិក្ខាកាមបានសិក្សាមួយរយៈរូចមក ហើយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានមន្ត្រីកំរិតបឋមចំនួន៩៨រូប និងកម្រិតមធ្យមចំនួន៣ រូបបានដាក់ពាក្យសុំប្រឡងលើមុខវិជ្ជាមួយចំនួន ដែលខ្លួនបានសិក្សា ក្នុងកម្រិតបឋម និងកំរិតមធ្យម៕