(កំពង់ឆ្នាំង)៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ មានបើកកិច្ចប្រជុំក្រុមការងារថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យវឌ្ឍនភាពការងារនិងលើកទិសដៅអនុ វត្តបន្ត កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សាន់ យូ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ក្នុងកិច្ចប្រជុំខាងលើនេះ លោក សាន់យូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងខេត្ត ដែលបានខិតខំយកអស់ពីកម្លាំង កាយចិត្ត ក្នុងការបំពេញការងារប្រកបទៅដោយភាពជឿជាក់និងស្មោះស្ម័គ្រ ពិសេសបានខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយនានារបស់គណបក្សឲ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែកកន្លងមក។
ការងារបន្តលោកប្រធានមានជំនឿជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំគណៈចលនាសាសនិកឥស្លាមទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សទៅដល់ពលរដ្ឋ និងបងប្អូនយុវជនគ្រប់ស្រទាប់ឲ្យបានជ្រោតជ្រាបបន្ថែមទៀត ពិសេសត្រូវផ្សព្វផ្សាយដល់បងប្អូនយុវជនដែលគ្រប់អាយុបោះឆ្នោតសូមឲ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
នៅក្នុងឱកាសនោះ លោកប្រធានបានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនក្រុមការងារគណៈចលនាសាសនិកឥស្លាមដែលបានរួបរួមសាមគ្គីគ្នាបំពេញភារកិច្ចជូនគណបក្ស ទទួលបានជោគជ័យយ៉ាងធំធេង កន្លងមក និងបន្តខិតខំប្រឹងប្រែងបំពេញការងារនេះជាបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្សទទួលបានជោគជ័យនៅក្នុងអាណត្តិជាបន្តបន្ទាប់។
នៅរសៀលនោះផងដែរ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោក សាន់ យូ ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងចែកអំណោយជូនគ្រួសាររង គ្រោះដោយភ្លើងឆេះផ្ទះ១គ្រួសារឈ្មោះ កុប ហាំម៉ាត់ ដែលផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះអស់ ទាំងស្រុងដោយសារ (ឆ្លងចរន្តអគ្គិសនី)កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិកញ្ជោង ឃុំច្រេស ស្រុកកំពង់ត្រឡាច ខណៈម្ចាស់មិននៅ ដោយប្រពន្ធទៅធ្វើការ ចំណែកប្ដីទៅព្យាបាលជំងឺ ផ្ទះត្រូវបិទទ្វារចោល។
ផ្ទះដែលត្រូវភ្លើងឆេះខាងលើនេះមានទំហំ៧ម៉ែត្រ គុណនឹង៥ម៉ែត្រដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីសសរឈើ កម្ពស់៦ម៉ែត្រ សម្ភារៈខូចខាតមានស្រូវ៣០០គីឡូក្រាមសម្លៀកបំពាក់ ថវិកា៤០ម៉ឺនរៀលនិងឯកសារផ្ទាល់ខ្លួនមួ យចំនួន។ ដោយឡែក អំណោយដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា យកទៅជូនម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះខាងលើនេះមានគ្រឿងឧបភោគបរិភោគ និងថវិកា១លានរៀល៕