(បាត់ដំបង)៖ ដោយក្តៅក្រហាយ ទ្រាំនឹងការប្រព្រឹត្តិផ្ទុយនឹងច្បាប់ របស់អ្នកទារភាស៉ីចំណត ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងមិនបាននោះ ក្រុមហ៊ុនអ្នកនាំចេញកសិផល និងម្ចាស់រថយន្តដឹកកសិផល របស់ប្រជាកសិករបានអំពាវនាវដល់ ថ្នាក់ដឹកនាំឲ្យជួយអន្តរាគមន៍ ចាត់វិធានការណ៍ចំពោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិទទួលភាស៉ីនេះ ឲ្យគោរពតាមច្បាប់។
តំណាងក្រុមហ៊ុននាំចេញមួយ ដែលតែងតែនាំចេញកសិផល របស់បងប្អូនប្រជាកសិករ ទៅប្រទេសថៃនោះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទ០៤ ខែវិច្ឆិកានេះ ក្រុមហ៊ុនដែលទទួលបានសិទ្ធិគ្រប់គ្រងភាស៊ីចំណតច្រកភ្នំដី នេះជារបស់ឧកញ៉ាម្នាក់។
ក្រុមហ៊ុននាំចេញដដែលបញ្ជាក់ថា ក្រុមហ៊ុនគ្រប់គ្រងចំណតភ្នំដីនេះ បានកំពុងអនុវត្តន៍ខុស ពីសៀវភៅបន្ទុកដែលកំណត់ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច បានកំណត់ឲ្យក្រុមហ៊ុន ប្រមូលភាស៉ីតែឡានដឹកទំនិញ ចេញចូលតាមមាត់ច្រកភ្នំដី ឬផ្ទេរទំនិញក្នុងបរិវេណបេន របស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបង្កើតក្រុមការងារ ដាក់ប៉ុស្តិ៍យាមឃាត់រថយន្តដឹក កសិផលក្នុង១រថយន្ត ៣ម៉ឺនរៀល នៅលើផ្លូវសាធារណៈរបស់រដ្ឋ ដែលមានចម្ងាយប្រមាណ៦ ទៅ៧គីឡូម៉ែត្រពីមាត់ច្រកភ្នំដី។
លើសពីនេះក្នុងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច បានកំណត់ឲ្យ ក្រុមហ៊ុនម៉ៅការចំណតភាស៉ី មានសិទ្ធិយកលុយពីរថយន្តដែល ដឹកទំនិញឆ្លងកាត់ផ្ទេរ និងចេញចូលតាមច្រកទ្វារភ្នំដីប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នរថយន្តដែលដឹក កសិផលលើផ្លូវសាធារណៈរបស់រដ្ឋ គ្រាន់តែបើកឆ្លងកាត់យក ទៅលក់នៅតំបន់ផ្សេងទៀត ដូចជាតំបន់ម៉ាឡៃ ក៏ត្រូវក្រុមហ៊ុននោះដាក់ប៉ារ៉ាស់របៀបកុងត្រូលជជុះនោះស្ទាក់ ទារលុយឆ្លងកាត់ ក្នុង១រថយន្ត ចំនួន៣ម៉ឺនរៀលអោយខានតែបានដែរ។
ទោះជាគេមិនបានឆ្លងកាត់មាត់ច្រករបស់ខ្លួន ឬសាងទំនិញក្នុងបរិវេណបេនរបស់ខ្លួនក៏ដោយ គេប្រើវិធីកាក់ឃាត់ ពីមុខរថយន្តមិនឲ្យ ទៅបើមិនបង់លុយឲ្យគ្រប់ចំនួន៣ម៉ឺនរៀល ដោយសារយ៉ាងដូច្នេះហើយ ទើបអ្នកនាំចេញ និងម្ចាស់រថយន្តដឹកកសិផលរបស់ប្រជាកសិករ នាំក្តៅក្រហាយ និងការអនុវត្តរបស់ក្រុមហ៊ុន លាតសន្ធឹងទីតាំងប្រមូលលុយ ផ្ទុយនឹងការកំណត់របស់ក្រសួងសេដ្ឋកិច្ច ព្រោះតែចង់បានលុយច្រើនដាក់ក្នុងហោរប៉ាវ មិនបានខ្វល់ខ្វាយពីការលំបាក ទុក្ខវេទនារបស់កសិករនោះទេ។
កក្តារួមផ្សំទាំងអស់នេះហើយ ដែលធ្វើឲ្យចំណាយរបស់អ្នកនាំចេញកើនឡើង ហើយតំលៃកសិផលរបស់ប្រជាពលរដ្ឋមិនអាចងើបរួច ប្រជាពលរដ្ឋ នាំកសិផលចេញ
និងប្រតិបត្តិករ ក្រុមហ៊ុនដែលនាំចេញកសិផល សូមសំណូមពរដល់លោក អូន ព័ន្ធមុន្នីរត្ន រដ្ឋមន្រី្តក្រសួងសេដ្ឋកិច្ច មេត្តាជួយអន្តាគមន៍ដល់ម្ចាស់ក្រុមហ៊ុន ដែលមាន សិទ្ធិទទួលគ្រប់គ្រងចំណតភាស៉ីខាងលើ យកប្រាក់តែក្បាលឡានដឹកទំនិញចេញចូល តាមមាត់ច្រកភ្នំដីរបស់ខ្លួនបានហើយ សូមកុំយកប្រាក់ពីរថយន្ត ដែលរត់ឆ្លង កាត់លើផ្លូវសាធារណៈនោះអី ដោយគោរពតាមគោលការណ៍ ក្នុងសៀវភៅបន្ទុក ដែលកំណត់ដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ជាពិសេសប្រជាពលរដ្ឋដែលនាំចេញកសិផល សូមគោរពស្នើសុំសម្តេចតេជោ មេត្តាជួយអន្តរាគមន៍ដល់ម្ចាស់ចំណតភាស៉ីខាងលើ មេត្តាបន្ធូរបន្ថយ ដល់រថយន្តដែលចូលមកដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ មកត្រឹមមួយឡានសណ្តោង តែ១ម៉ឺនរៀលបានហើយ ព្រោះបើគេចំណាយច្រើន ក៏គេទំលាក់ថ្លៃកសិផលរបស់ប្រជាជនយើងផងដែរ គួបផ្សំនិងពេលនេះស្ថានភាពទីផ្សារ កសិផលមិនសូវល្អស្រាប់ផង។
ប្រជាពលរដ្ឋស្ថិតនៅតាមព្រំដែនមាត់ច្រកភ្នំដី មានសង្ឃឹមយ៉ាងមុតមាំថា និងទទួលបានការអន្តរាគមន៍ពីសម្តេចតេជោ តាមការស្នើសុំខាងលើនេះជាក់ជាពុំខាន ដោយពួកគាត់លើកឡើងថា «មានសម្តេចតេជោ កសិផលមានសង្ឃឹម»។
ពាក់ព័ន្ធករណីខាងលើនេះ Fresh News មិនអាចទាក់ទងសុំការបំភ្លឺ ពីក្រុមហ៊ុនដែលទទួលសិទ្ធិគ្រប់គ្រងភាស៉ី ចំណតច្រកទ្វារភ្នំដី នៅឡើយនោះទេ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕