(ភ្នំពេញ)៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ការព្យាបាលជារឿងមួយ ត្រូវយកចិត្តទុកដាក់ តែការបង្ការលើជំងឺមហារីក គឺរឹតតែចាំបាច់ និងណែនាំឱ្យមានការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ជាពិសេសការប្រើថ្នាំគីមី ដើម្បីបង្ការជំងឺមហារីក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ទិសដៅទៅមុខខ្ញុំគិតថា យ៉ាងហោចណាស់យើងត្រូវមានសមត្ថភាព នៅថ្នាក់តំបន់ ដើម្បីព្យាបាលជំងឺមហារីក [...] សំខាន់បំផុតការចូលរួម ក្នុងការបង្ការ ក្រសួងស្ថាប័នពាក់ព័ន្ធ ពិនិត្យឲ្យបានតឹងរឹង ក្នុងការនាំចូលបន្លែ-សាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗ ឲ្យបានម៉ត់ចត់»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្សព្វផ្សាយជាវិធីសាស្ត្រមួយ ជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ ក្នុងការបង្ការជំងឺមហារីក។ ក្នុងន័យនេះ សម្តេចមហាបវរធិបតី ជំរុញឱ្យមានការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីក។

លើសពីនោះទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យទប់ស្កាត់ការជក់បារី ជាពិសេសបារីវែប ដែលជាដើមចមមួយ នាំឱ្យកើតជំងឺមហារីក។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ជំងឺមហារីកបាន​ក្លាយជាការគំរាមនៃសុខភាពសាធារណៈ និងប៉ះពាល់ដល់​សង្គម​-សេដ្ឋ​កិច្ច, រាជរដ្ឋាភិបាល បានចាត់ទុកការប្រយុទ្ធជំងឺមហារីក​ជាអាទិ​ភាព​ចម្បងមួយ ក្នុងចំណោមអាទិភាពដទៃទៀត​ របស់​ក្រសួង​សុខា​ភិបាល។

បើតាមលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ករណី។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់ បានបាត់បង់ជីវិតដោយសារជំងឺនេះ ដែលតួលេខទាំងពីរនេះ ដែលត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់។

ឆ្លើយតបនឹងការកើនឡើងនៃជំងឺមហារីកនេះ ក្រសួងសុខាភិបាលបានដាក់ចេញគោលដៅយុទ្ធសាស្ត្រទាំង៦ រួមមានដូចខាងក្រោម៖

១៖ លើកកំពស់ការបង្ការបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានា ដើម្បីកាត់បន្ថយកត្តាប្រឈមនៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ
២៖ ពិនិត្យស្រាវជ្រាវ និងរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា
៣៖ ធានានិរន្តរភាពនិងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់និងត្រឹមត្រូវ សម្រាប់ការព្យាបាល
៤៖ ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាព្យាបាល និងថែទាំសមស្រប និងប្រកបដោយ គុណភាព
៥៖ ពង្រឹងប្រព័ន្ធព័ត៌មានប្រព័ន្ធតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក
៦៖ ពង្រឹងអភិបាលកិច្ច ការសម្របសម្រួលហិរញ្ញប្បទាន និងការត្រៀមខ្លួនពេលមានគ្រោះអាសន្នក្នុងការ ប្រយុទ្ធនឹងជំងឺមហារីក៕