(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធជំងឺមហារីកឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍៧ចំណុច ជំរុញឱ្យការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ ទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងសក្កសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់កម្ពុជា។
ក្នុងឱកាសនេះ សម្តេចមហាបវរធិបតីបានធ្វើការកត់សម្គាល់ និងផ្តល់អនុសាសន៍មួយចំនួន រួមមាន៖
ទី១. ដើម្បីធានាភាពជោគជ័យ ក្រសួងសុខាភិបាល ត្រូវជំរុញអនុវត្តផែនការជាតិដ៏មានសារៈសំខាន់នេះឱ្យបានជាប់ជាប្រចាំ តាមរយៈយន្តការពហុវិស័យ ដើម្បីគ្រប់គ្រងសម្របសម្រួល និង អនុវត្តប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សេវាសុខាភិបាល និង រួមចំណែក ម្ខាងដល់ការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) និង ម្ខាងទៀត ដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs)។
ក្នុងនោះ កម្មវិធីគោលនយោបាយ អាទិភាពទី១ គឺ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ខណៈដែលផែនទីបង្ហាញផ្លូវទៅកាន់ការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ បានកំណត់គោលដៅច្បាស់លាស់ចំនួន ៣៖ (ទី១) ពង្រីកវិសាលភាពគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធ គាំពារសុខភាពសង្គមឱ្យបាន ៨០% នៃចំនួនពលរដ្ឋសរុប (ទី២). សន្ទស្សន៍គ្របដណ្តប់ សេវាសុខាភិបាលសារវន្ត យ៉ាងហោចណាស់ ៨០% និង (ទី៣) កាត់បន្ថយកម្រិតចំណាយ ពីហោប៉ៅផ្ទាល់លើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥% នៃចំណាយសរុបលើការថែទាំសុខភាព។
ទី២. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញអនុវត្តប្រព័ន្ធគ្រប់គ្រងទិន្នន័យជំងឺមហារីក ឱ្យបានជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ត្រូវរៀបចំឱ្យមានគោលការណ៍ណែនាំបច្ចេកទេស, អនុលោមតាមឧត្តមានុវត្តអន្តរជាតិ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រី សុខាភិបាលគ្រប់កម្រិត, ទាំងរដ្ឋ និង ឯកជន, ក្នុងការគ្រប់គ្រង, ការផ្តល់សេវាបង្ការ, ការធ្វើ រោគវិនិច្ឆ័យ, ការថែទាំ, ការព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និង សុវត្ថិភាព។
ទី៣. ក្រសួងសុខាភិបាល ត្រូវបន្តជំរុញការបណ្ដុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និង ជំនាញវិជ្ជាជីវៈអមសុខភាព (Allied Health Professional) ដើម្បីឱ្យធនធានមនុស្សផ្នែកសុខាភិបាលមានសមត្ថភាពពេញលេញ ក្នុងការផ្តល់សេវាថែទាំព្យាបាល ជំងឺមហារីក មានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ទី៤. ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ត្រូវចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ និង បង្ការ ដើម្បីឈានទៅកាត់បន្ថយកត្តាហានិភ័យទាំងឡាយ ដែលបង្កឱ្យមានជំងឺមហារីក។
ទី៥. ជាមួយនឹងវឌ្ឍភាពជាច្រើនក្នុងវិស័យសុខាភិបាល, សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យ, ការព្យាបាល និង ការគ្របដណ្ដប់សេវាជំងឺមហារីកនៅប្រទេសកម្ពុជា នៅមានកម្រិត។ ក្នុងន័យនេះ ដើម្បីអភិវឌ្ឍសេវាបង្ការ និងព្យាបាលជំងឺមហារីក ឱ្យកាន់តែទូលំទូលាយថែមទៀត, ខ្ញុំសូមអំពាវនាដល់ ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ កៀរគរធនធាន, ទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ការបង្ការ និង ព្យាបាលជំងឺមហារីកឱ្យកាន់តែទូលំទូលាយ ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋរបស់យើង។
ទី៦. ខ្ញុំសូមក្រើនរំលឹកសាជាថ្មីដល់ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវលើកកម្ពស់ ប្រសិទ្ធភាពនៃការបម្រើសេវាថែទាំសុខភាព ជូនគ្រួសារក្រីក្រ, គ្រួសារងាយរងហានិភ័យ និង ក្រុមគោលដៅផ្សេងៗទៀត ក្រោមកម្មវិធីមូលនិធិសមធម៌ និង របបបេឡាជាតិសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរយៈការពង្រីកសេវាថែទាំសុខភាព ឱ្យស្របតាមនិន្នាការប្រែប្រួលនៃ បន្ទុកជំងឺ, បញ្ហាសុខភាពជាអាទិភាព និង តម្រូវការរបស់ប្រជាពលរដ្ឋ។
ទី៧. ខ្ញុំសូមលើកទឹកចិត្តដល់ បងប្អូនប្រជាពលរដ្ឋ, សូមយកចិត្តទុកដាក់បង្ការ និង ទប់ស្កាត់ជំងឺមហារីកនេះតាមរយៈ ការស្វែងយល់កត្តាហានិភ័យ និង ធ្វើការផ្លាស់ប្តូរឥរិយាបថដែល ប្រឈមនឹងការកើតជំងឺមហារីក។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋាន ដើម្បីទទួលការពិនិត្យ និង ព្យាបាលបានទាន់ពេល៕