(ភ្នំពេញ)៖ ជាថ្មីម្តងទៀត ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយ ពលការិនីខ្មែររងគ្រោះចំនួន៣នាក់បន្ថែមទៀតឲ្យវិលត្រលប់មកកម្ពុជា ក្រោយទទួលបានដំណឹងថា ពលការិនីខ្មែរទាំង៣រូបនោះទទួលរងការធ្វើបាប ខណៈដែលបម្រើការងារនៅក្នុងប្រទេសម៉ាឡេស៊ី នាពេលកន្លងមក។
ក្នុងចំណោមពលការិនីនោះ មានម្នាក់បានមកដល់កម្ពុជាវិញដោយសុវត្ថិភាពហើយ ចំណែកឯ២នាក់ទៀត នឹងធ្វើដំណើរមកដល់ថ្ងៃស្អែកនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ក្រសួងការបរទេស បានបញ្ជាក់ថា ពលការិនី ឈ្មោះ ផ.ច អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ បានទៅធ្វើការងារតាមផ្ទះនៅម៉ាឡេស៊ី ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជាឈ្មោះ 168 Manpower។ ដោយសារការងារលំបាក នាងបានទៅស្ថានទូតដើម្បីស្នើជួយឱ្យបានត្រឡប់មកកម្ពុជាវិញ។ ដោយសាម៉ីខ្លួនមិនស្គាល់ឈ្មោះនិងអាស័យដ្ឋានរបស់ថៅកែ ស្ថានទូតបានស្នើឱ្យក្រុមហ៊ុន168 Manpower ទិញសំបុត្រយន្តហោះ និងចេញថ្លៃបង់ពិន័យឱ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ីសម្រាប់ពលការិនី។ ពលការិនី ផ.ច បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង១៦៖០០នាទី តាមជើងយន្តហោះលេខAK534 ។
ចំណែក ពលការិនី ឈ្មោះ យ៉.ផ អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានធ្វើដំណើរទៅម៉ាឡេស៊ី ដោយខ្លួនឯង និងធ្វើការជាអ្នកលក់កាហ្វេ ពីថ្ងៃ០៦ ខែឧសភា ឆ្នាំ២០១៥។ ដោយទិដ្ឋាការ ផុតសុពលភាព ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្នើជួយឱ្យបានត្រឡប់មកកម្ពុជាវិញ។ ពលការិនី ឈ្មោះ វ៉.ធ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រះវិហារ បានធ្វើ ដំណើរទៅម៉ាឡេស៊ី ដោយខ្លួនឯង និងធ្វើការជាអ្នកបោសសំអាត ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤។ ដោយទិដ្ឋាការផុតសុពលភាព ពលការិនីបានទៅស្ថានទូតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ស្នើជួយឱ្យបានត្រឡប់មកកម្ពុជាវិញ។
ពលការិនី យ៉.ផ និង វ៉.ធ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង០៧:៥០នាទីព្រឹក តាមជើងយន្តហោះលេខ AK536 ។ អំឡុងពេលរង់ចាំមកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់ពលការិនី ទាំង៣នាក់ខាងលើផងដែរ៕