(ពោធិ៍សាត់)៖ ទឹកធ្លាក់អូរដា គឺជារមណីយដ្ឋានធម្មជាតិមួយ មានចម្ងាយប្រមាណ ៥៥គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និងមានចម្ងាយប្រមាណ ២៦គីឡូម៉ែត្រ ពីខ្លោងទ្វារចូល នៃវត្តព្រៃខ្លុង ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ រមណីយដ្ឋាន «ទឹកធ្លាក់អូរដា» មានទឹកហូរជាដំណាក់ជម្រាល ធ្លាក់ពីស្ទឹងអារ៉ៃ លើខ្នងភ្នំឱរ៉ាល់ ពង្រីកខ្លួនបាចសាចជ្រែកផែនថ្មធំៗ លាតសន្ធឹងដ៏ធំល្វឹងល្វើយ ធ្លាប់អន្ទងចិត្តភ្ញៀវទេសចរជាតិ ទាំងជិត និងឆ្ងាយ ឱ្យចំណាយពេលធ្វើដំណើរមកងូតទឹកកម្សាន្តយ៉ាងគ្រឹកគគ្រេង តាំងពីអំឡុងឆ្នាំ១៩៩៩មកម្ល៉េះ។ ក្រោយមករមណីយដ្ឋាននេះ បានប្រែជាទីឋានឯកាស្ងាត់ជ្រងំ បាត់ភ្ញៀវទេសចរ ព្រោះតែពួកគេទ្រាំស៊ូនឹងផ្លូវលំបាកមិនបាន បើទោះបីសម្រស់ធម្មជាតិ នៅតំបន់នោះមានច្រើនយ៉ាងណាក្តី។
ក្នុងអំឡុងដើមឆ្នាំ២០២៥នេះ រមណីយដ្ឋាន «ទឹកធ្លាក់អូរដា» បានផ្ទុះការចាប់អារម្មណ៍ជាថ្មីឡើងវិញម្តងទៀត ក្រោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចសាងសង់ទំនប់ស្ទាក់ទឹកលេខ២ រួមទាំងការលើកកម្ពស់គុណភាពផ្លូវ ឆ្លងកាត់តំបន់អូរដា ដោយស្ថាបនាជាផ្លូវប៉េតុង និងមានគម្រោងផ្លូវកៅស៊ូតភ្ជាប់ រហូតដល់ទីប្រជុំជនស្រុកភ្នំក្រវាញ បង្កលក្ខណៈមានភាពងាយស្រួលបន្ថែមទៀត។
ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៌ ប្រជាពលរដ្ឋគ្មានភាពភ័យក្លាច មានសិទ្ធិសេរីភាព និងមានឱកាសដើរហើរ រកស៊ីទទួលទាន ផ្លាស់ប្តូរជីវភាពគ្រួសារ មិនថាទីក្រុង ឬទីជនបទ។ នាពេលថ្មីៗនេះ ស្របតាមអនុសាន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី សម្តេចបានលើកទឹកចិត្តដល់បណ្តារាជធានីខេត្ត និងសូមឱ្យកូនខ្មែរគ្រប់រូប ត្រូវចូលរួមប្រើប្រាស់របស់ដែលខ្មែរមាន និងចូលរួមអភិវឌ្ឍន៍ លើកស្ទួយ ផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងមូលដ្ឋាន ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ព្រោះថា «អ្វីៗដែលល្អៗខ្មែរមាន ធ្វើឱ្យគេបានស្គាល់ពីខ្មែរ ហើយក៏គ្មាននរណាស្រឡាញ់ខ្មែរ និងផ្សាយល្អពីខ្មែរ ជាងខ្មែរគ្នាឯងនោះទេ»។
ជាក់ស្តែងនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងកម្មវិធីបើកទំព័រសារជាថ្មី នៃការផ្សព្វផ្សាយទេសចរណ៍ នៅរមណីយដ្ឋានទឹកធ្លាក់ (អូរដា-ក្រវាញ) ក្រោមប្រធានបទ «រួមគ្នាថែរក្សាការពារព្រៃឈើ និងបរិស្ថាន ឱ្យបានស្រស់បំព្រងល្អ ដើម្បីលើកស្ទួយទេសចរណ៍ធម្មជាតិ ខេត្តពោធិ៍សាត់។ យើងធ្វើបាន» ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ គេសង្កេតឃើញមានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរាប់ម៉ឺននាក់ បានមកចូលរួមកម្សាន្តចុងសប្តាហ៍ ដោយមានបញ្ចូលពិធីបំបួសដើមឈើ ដើម្បីរក្សាការពារបរិស្ថានធម្មជាតិ, ការប្រគួតពិសានំបាញ់ឆែវខ្នាតយក្ស និងការប្រគួតកីឡាបាល់ទះមិត្តភាពផងដែរ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ និងកោតសរសើរ ដល់លោកបណ្ឌិត ទី ថានី អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ដែលជាស្ថាបនិក កែច្នៃគ្រាប់ពេជ្រ នៅតំបន់រមណីយដ្ឋានអូរដានេះឡើងវិញ ក៏ដូចជារមណីយដ្ឋាន និងទីតាំងទេសចរណ៍ដ៏ទៃផ្សេងទៀត ក្នុងទឹកដីខេត្តពោធិ៍សាត់។ សម្រាប់ប្រធានបទថ្ងៃនេះ «រួមគ្នាថែរក្សាការពារព្រៃឈើ និងបរិស្ថាន ឱ្យបានស្រស់បំព្រងល្អ ដើម្បីលើកស្ទួយទេសចរណ៍ធម្មជាតិ ខេត្តពោធិ៍សាត់។ យើងធ្វើបាន» គឺជាយុទ្ធនាការរួមមួយ ដែលយើងទាំងអស់គ្នា បានលើកយកមកប្រកាសទូទាំងខេត្ត ទូទាំងប្រទេស ថាខេត្តពោធិ៍សាត់ ប្តេជ្ញាក្នុងការលើកស្ទួយ និងផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងមូលដ្ឋានឱ្យបានឈានឡើង។ លោកបន្តថា «មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍រីកចម្រើន និងមានទេសចរ» ម៉្លោះហើយថ្ងៃនេះ តំបន់នេះ យើងប្រកាសរួមគ្នា ដោយធ្វើពិធីបំបួសដើមឈើនៅទីនេះ មានន័យថាបញ្ឈប់ការកាប់ដើមឈើ រួមគ្នាថែទាំ និងដាំដើមឈើឡើងវិញ។
លោកបានគូសបញ្ជាក់ថា ជាមោទកភាពណាស់សម្រាប់អ្នកខេត្តពោធិ៍សាត់ និយាយជារួមនឹងនិយាយដោយឡែកអ្នកស្រុកភ្នំក្រវាញផ្ទាល់ ដែលសម្តេចប្រមុខនៃរាជរដ្ឋាភិបាល បានផ្តល់ជូននូវសមិទ្ធផលធំៗជាច្រើន ជាបន្តបន្ទាប់ ដូចជាទំនប់ស្ទាក់ទឹកលេខ២ ផ្លូវប៉េតុង និងផ្លូវក្រាលកៅស៊ូ ឆ្ពោះមករមណីយដ្ឋានអូរដានេះ ដែលពីមុនយើងដើរមកលេងកម្សាន្ត បច្ចុប្បន្នយើងជិះមកលេងកម្សាន្ត ងាយស្រួលជាងមុន។
មិនខុសគ្នាពីប្រជាពលរដ្ឋផ្សេងទៀត ដែលមកកម្សាន្ដនៅរមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់អូរដា» យុវតីម្នាក់ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ជាមួយនឹងធម្មជាតិស្រស់បំព្រង ស្ថានភាពទឹកមានភាពត្រជាក់មិនខុសពីរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង នៅស្រុកក្រគរ ពេលបានមករមណីយដ្ឋាននេះហើយ មានអារម្មណ៍ធូរស្រាល បាត់ហ្មងសៅ។ ជាចុងក្រោយយុវតីម្នាក់នោះ សូមសំណូមពរដល់អាជ្ញាធរដែនដី ពន្លឿងការស្ថាបនាផ្លូវនេះ និងសូមផ្តាំផ្ញើដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ឱ្យចូលរួមសម្អាតអនាម័យបរិស្ថានទាំងអស់គ្នា។
គួរជម្រាបជូនថា គម្រោងសាងសង់ទំនប់លេខ២ គឺជាគម្រោងថ្នាក់ជាតិ របស់រាជរដ្ឋាភិបាល អាណត្តិទី៦ និងបន្តដោយរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទំនប់ស្ទាក់ទឹកលេខ២ មានលទ្ធភាពស្តុកទឹកបានប្រមាណជិត៩០០លានម៉ែត្រគូប សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ នៅផ្នែកខាងក្រោម ដោយហូរតាមប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល ប្រព័ន្ធធារាសាស្ត្រក្បាលហុង និងប្រព័ន្ធធារាសាស្ត្រចារឹក ក៏ដូចជាប្រព័ន្ធប្រឡាយតូចធំផ្សេងទៀត ក្នុងខេត្តពោធិ៍សាត់។ គម្រោងនេះនឹងកាត់បន្ថយខ្ពស់ ដល់ការជន់លិចក្រុងពោធិ៍សាត់ និងអាចក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ប្រណិតនាពេលខាងមុខ។
គម្រោងសាងសង់ទំនប់លេខ២ បច្ចុប្បន្នត្រូវបានក្រុមការងារកំពុងអនុវត្តការត្រួសត្រាយ ត្រាស់សេតួទំនប់ និងកំពុងបំពេញនូវកម្រិតផ្លូវចូល ដោយស្ថាបនាជាផ្លូវប៉េតុង ដាក់ប្រព័ន្ធលូ និងស្ពាន គិតចាប់ពីចំណុចផ្លូវបំបែកទំនប់លេខ៣ រហូតដល់ទីតាំងគម្រោងទំនប់លេខ២ ត្រង់ចំណុចស្ទឹងអារ៉ៃ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានប្រវែង១២គីឡូម៉ែត្រ។ ក្រៅពីគម្រោងនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏មានគម្រោងក្រាលកៅស៊ូDBST ប្រវែង១៧គីឡូម៉ែត្រ ចាប់ពីខ្លោងទ្វារចូលវត្តព្រៃខ្លុង តភ្ជាប់ទៅផ្លូវប៉េតុងគម្រោងទំនប់ទី២ ដែលនឹងត្រូវស្ថាបនានាពេលខាងមុខ៕