(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា បានបន្តសវនាការសំណុំរឿងបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ដែលមានលោកឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោង។ ប៉ុន្តែលទ្ធផលនៃសំណុំរឿងនេះ ពុំទាន់ដឹងនៅឡើយទេ ដោយតុលាការបានលើកពេលសវនាការទៅថ្ងៃទី១៨ ខែវិច្ឆិកាបន្តទៀត។
នាពេលសវនាការ ក្រឡាបញ្ជីសវនាការបានអានចម្លើយជនជាប់ចោទឈ្មោះ លី សៅ ដែលបានស្លាប់នៅមន្ទីរពេទ្យរុស្ស៊ី តាំងពីដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ អយ្យការ និងចៅក្រមស៊ើបសួរ។ លី សៅ បញ្ជាក់ដដែលថា ជនជាប់ចោទ សៀង វាសនា ពិតជាឃាតកបាញ់សម្លាប់លោកឧកញ៉ាអ៊ឹង ម៉េងជឺ ប្រាកដមែន ។
ហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ កក្រើករាជធានីភ្នំពេញ នេះកើតឡើងកាលវេលាម៉ោង៧៖១៨នាទី យប់ថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្តឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
តុលាការបានចោទប្រកាន់លោក ថោង សារ៉ាត់ ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ចំណែកក្រុមអង្គរក្សបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និង បទសមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។
យោងតាមមាត្រា២០០ និង២៩ នៃក្រមព្រហ្មទណ្ឌ ឃើញថា ក្រុមជនត្រូវចោទទាំងអស់អាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថា មានពិរុទ្ធភាពដូចការចោទប្រកាន់មែន៕