(ភ្នំពេញ)៖ ភាពយន្តរឿង «ចេនឡា២» ត្រូវបានអ្នកដឹកនាំសម្ដែង ក៏ដូចជាអ្នកគ្រប់គ្រប់ ប្រចាំក្នុងផលិតកម្ម រ៉ក់ បានចេញមុខអះអាងថា មានឈុតឆាកបាញ់ប្រហារគ្នាស្ដែងៗ និងប្រើគ្រាប់កាំភ្លើងពិតៗ តែម្ដង ដែលជាភាពយន្តខ្មែរលើកទី១ ចំណាយក្នុងការផលិតច្រើន និងមានគ្រាប់កាំភ្លើងតូច-ធំ ច្រើនជាងគេ។
ផលិតកម្មរ៉ក់ បានបញ្ចេញនូវស្នាដៃថ្មីមួយទៀត ដែលជាខ្សែភាពយន្តបែប Action បាញ់ប្រហារ ជាសមិទ្ធផលកូនខ្មែរ ដោយចំណាយពេលក្នុងការថត អស់រយៈពេលជិតពីរឆ្នាំ និងថវិកា រាប់ម៉ឺនដុល្លារនោះ គឺរឿង «ចេនឡា ២» ដែលនឹងត្រូវចាក់បញ្ចាំង ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកា នៅរោងភាពយន្ត Legend ទាំងបីសាខា។
លោក យឹម សុសត្យា ហៅ លី ម៉េង នាយកអ្នកគ្រប់គ្រងទូទៅប្រចាំក្នុងផលិតកម្ម រ៉ក់ បានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធ ខ្សែភាពយន្តរឿង«ចេនឡា២» ថា រឿង «ចេនឡា២» ជាប្រភេទរឿងសកម្មភាពបាញ់ប្រហារ ស្នេហាត្រីកោណ និងស៊ើបអង្កេត។ រឿងនេះចូលរួមសម្ដែងដោយ តារាចម្រៀងល្បីៗ ដូចជា លោក ជេក ម្ចាស់បទសេដ្ឋីស្រុកស្រែ, លោកម៉ារ៉ា ប៊ុណ្ណា ម្ចាស់បទដីថ្លៃប្រល័យស្នេហ៍ និងបទសង្សារស្រីខារ៉ាអូខេ, លោក សម មករាវុឌ្ឍ ម្ចាស់បទស្នេហាត្រីកោណ, កញ្ញាទេព សម្ផស្ស តួឯកស្រីល្បីក្នុងរឿងជីវិតនាងរក្សា និងរឿងពិសប្ញស្យា។
លោក បន្តថា ជាពិសេសតួឯកប្រុស លោក យូ ស៊ុនអេង ជាជនជាតិខ្មែរសញ្ជាតិសាំងហ្គាពួរ ព្រមទាំងបានរៀនសូត្រផ្នែក ធ្វើក្រាហ្វិចកុននៅប្រទេសសិង្ហបុរីទៀតផង។ រឿង«ចេនឡា២» នឹងចាក់បញ្ចាំងនៅថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០១៦ តទៅ នៅគ្រប់រោងកុនទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោក យឹម សុសត្យា បានសង្កត់ធ្ងន់ថា ភាពយន្តនេះ ចំណាយក្នុងថតអស់ថវិកាច្រើន ព្រោះត្រូវប្រើប្រាស់សព្វាវុធ ដូចជាកាំភ្លើងតូច-ធំ ក្នុងការថត មានឈុតឆាកវាយប្រយុទ្ធគ្នា និងពេលវេលាយូរគ្រាន់បើ។ អ្វីដែលពិសេសនោះ គឺក្នុងផ្ទៃរឿងទាំងមូល មានសកម្មភាពរស់រវើក ដែលអាចនិយាយបានថា ជាភាពយន្តបែប Action លើកដំបូងរបស់ខ្មែរ។ លោកក៏សូមកោតសរសើរ ដល់ក្រុមការងារ និងតារាសម្ដែង ទាំងអស់ ដែលបានខិតខំតស៊ូ ក្រាញននាល ថតរឿងនេះឲ្យចប់រួចរាល់ ទោះស្ថិតក្នុងគ្រាលំបាក ត្រូវដេកក្នុងព្រៃជាច្រើនយប់ក្ដី។
ដោយឡែក លោក ស៊ិន ច័ន្ទឆាយ៉ា ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអោយដឹងដែរថា ផលិតកម្មរ៉ក់ គឺជាផលិតកម្មមួយឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលមានមហិច្ឆិតា មានគោលការណ៍ និងការគ្រប់គ្រង ក្នុងការដឹកនាំ ត្រឹមត្រូវ ផ្ដោសំខាន់លើអ្វីដែលថ្មី និងមានលក្ខណៈប្លែកពីគេ។ ខ្សែភាពយន្តរឿង «ចេនឡា ២» នេះ គឺជាខ្សែភាពយន្តមួយ លំបាកផលិតជាង ខ្សែភាពដទៃទៀត ព្រោះត្រូវប្រើបច្ចេកទេសខ្ពស់ និងចំណាយដើមទុនច្រើន។ លោក ក៏សូមបានអំពាវនាវដល់ យុវវ័យខ្មែរទាំងអស់ ចូលរួមគាំទ្រស្នាដៃ កូនខ្មែរឲ្យបានច្រើន ព្រោះស្នាដៃកូនខ្មែរ ក៏មិនអន់ជាងរឿង របស់ប្រទេសជិតខាងឡើយ។
សូមបញ្ជាក់ថា កម្មវិធី បើកសម្ពោធបញ្ចាំងជាផ្លូវការនេះ ទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Coca Cola ,ក្រុមហ៊ុន Blanca faise និង ក្រុមហ៊ុនថតរូប Akasa ៕