(សៀមរាប)៖ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញចុះទៅពិនិត្យការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ដែលកំពុងដំណើរការជួសជុលដោយអង្គការមូលនិធិប្រាសាទពិភពលោក (World Monuments Fund) សហការជាមួយអាជ្ញាធរជាតិអប្សរា។
ក្នុងដំណើរចុះត្រួតពិនិត្យការងារនេះ លោកអគ្គនាយកបានស្តាប់បទបង្ហាញពីអ្នកជំនាញជាតិ-អន្តរជាតិដែលកំពុងអនុវត្តការងារនេះផ្ទាល់ ដើម្បីត្រួតពិនិត្យពីស្ថានភាពប្រាសាទ ដំណើរការទូទៅនៃការជួសជុល អភិរក្ស រួមទាំងផលលំបាក និងតម្រូវការចាំបាច់ដើម្បីសម្រួលដល់ការងារឱ្យកាន់តែរលូន។
បន្ទាប់ពីស្តាប់ការពន្យល់ពីលក្ខណៈបច្ចេកទេសនៃការជួសជុលនិងការត្រួតពិនិត្យផ្ទាល់ចំពោះការងារជាក់ស្តែងក្នុងការដ្ឋាន លោកអគ្គនាយកក៏បានគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកជំនាញជាតិ-អន្តរជាតិ និងកម្មករទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការអភិរក្សនិងជួសជុលប្រាសាទដ៏អស្ចារ្យមួយនេះ ឱ្យមានភាពស្រស់ស្អាត រឹងមាំបានយូរអង្វែងតទៅមុខ ប្រកបដោយការលះបង់ អត់ធ្មត់ គួរឱ្យកោតសរសើរ។
ដោយរំឭកឡើងវិញពីប្រវត្តិពាក់ព័ន្ធនឹងប្រាសាទភ្នំបាខែងនេះ លោក ជា សារិទ្ធិ មន្ត្រីបុរាណវិទ្យា ទទួលបន្ទុកការងារអភិរក្សរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ហើយក៏ជាអ្នកចូលរួមផ្តល់បទពិសោធន៍ និងជួយបណ្តុះបណ្តាលពីបច្ចេកទេសមួយចំនួនក្នុងការជួសជុលប្រាសាទនេះដោយផ្ទាល់ បានបញ្ជាក់ថា៖ ប្រាសាទភ្នំបាខែង គឺជារាជធានីទី១នៃសម័យអង្គរ និងជាស្នូលកណ្តាលនៃក្រុងអង្គរឈ្មោះថា «យសោធរ» មានកំពែងដី២ជាន់ ដែលក្នុងមួយជ្រុងមានប្រវែង៤គីឡូម៉ែត្រ។ ប្រាសាទនេះកសាងឡើងនៅចុងស.វទី៩ ដើម ស.វទី១០ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយព្រះឥសូរ។ ក្រោយមកនៅចុងស.វទី១៦ ប្រាសាទនេះ បានប្តូរទៅជាព្រះពុទ្ធសាសនាវិញ ដូចដែលឃើញមានកសាងរូបព្រះពុទ្ធធំមួយ អង្គនៅជាន់លើបង្អស់ ដោយថ្មផ្សេងៗនៃប្រាសាទ និងគ្រឹះនៃប្រាសាទឥដ្ឋ។ ដោយឡែកនៅឆ្នាំ១៩២០ ពេលបារាំងចាប់ផ្តើមជួសជុល អភិរក្ស បានរុះរើរូបសំណាក់ព្រះពុទ្ធទៅចោលនៅជ្រុងខាងត្បូងនិងខាងជើងនៃភ្នំ។ ក្រៅពីការអភិរក្ស បារាំងក៏បានធ្វើកំណាយស្រាវជ្រាវនៅតួប៉មកណ្តាល ដែលមានជម្រៅ៣ម៉ែត្រ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធប្រាសាទ និងបានធ្វើការជួសជុលជញ្ជាំងពីរ៉ាមីតនៅផ្នែកខូចខាត និងរើតួប៉មប្រាសាទថ្មមួយចំនួនរៀបឡើងវិញ។ ចាប់ពីឆ្នាំ២០០៤ ដល់បច្ចុប្បន្ន (២០១៦) អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សហការជាមួយអាជ្ញាធរជាតិអប្សរា បានដំណើរការអភិរក្ស ជួសជុលបន្តពីបារាំងដោយចាប់ផ្តើមពីជ្រុងខាងត្បូងឆៀងខាងលិច។ បន្ទាប់ពីម្រោងនេះទទួលបានជោគជ័យ អ្នកជំនាញក៏ចាប់ផ្តើមធ្វើគម្រោងថ្មីនៅផ្នែកខាងកើតភ្នំបាខែង ចាប់ពីជណ្តើរកណ្តាលទៅខាងកើត រហូតដល់ខាងជើងជាបន្តបន្ទាប់។
ក្នុងកិច្ចការជួសជុលអភិរក្សនោះ ស្ថាប័ន WMF ក៏បានគិតគូរយកចិត្តទុកដាក់ ថែទាំនិងពង្រឹងរចនាសម្ពន្ធប្រាសាទជាខ្លាំង ព្រោះប្រាសាទនេះប្រឈមនឹងការខូចខាតដោយសារទឹកដែលហូរច្រោះដី រុក្ខជាតិដុះលើ ទើបធ្វើឱ្យប្រាសាទនេះទ្រុឌទ្រោម និងគ្រោះថ្នាក់ដោយសារបាក់រលំនៅតាមជ្រុងនៃប្រាសាទ។
ដូច្នេះដំណើរការជួសជុល ក៏ចាប់ផ្តើមពីការស្រាវជ្រាវរុករកថ្មចាស់ដែលបាត់ក្នុងព្រៃ និងតាមជើងភ្នំកាលពីសម័យបារាំងជួសជុល និងសម័យបុរាណដែលយកថ្មទាំងនោះទៅរៀបជារូបព្រះពុទ្ធ ដើម្បីមកបំពេញនៅកន្លែងដែលខ្វះចន្លោះឡើងវិញ។ ក្នុងនោះក៏បានគិតគូរពីការរៀបចំប្រព័ន្ធបង្ហូរទឹក បង្ការទឹកជ្រាបចូលគ្រឹះ ដោយប្រើបច្ចេកទេសទំនើប និងក្រាលកៅស៊ូការពារទឹកដែលធានាសុពលភាពបានយូរអង្វែងដើម្បីការទឹកភ្លៀងកុំឱ្យហូរច្រោះ។ បន្ថែមពីនោះក៏ប្រើវិធីភ្ជាប់ថ្មទៅនឹងជញ្ជាំងភ្នំ ដើម្បីកុំឱ្យថ្មភ្នំប្រេះ ធ្វើឱ្យសំណង់កាន់តែជាប់មាំ។
លោក សារិទ្ធ បន្តទៀតថា គម្រោងជួសជុលនេះ អាចនឹងបញ្ចប់នៅឆ្នាំ២០២០ តែក៏អាស្រ័យនៅលើស្ថានភាពជាក់ស្តែងនៃដំណើរការការងារផងដែរ។ ចំពោះកម្លាំងជួសជុលនៅក្នុងការដ្ឋានប្រាសាទភ្នំបាខែង មានអ្នកជំនាញនិងកម្មករប្រមាណ១០០នាក់ ដោយមានអ្នកជំនាញជាទីប្រឹក្សាផ្តល់យោបល់ពីអាមេរិក ផ្នែកវិស្វករ ស្ថាបត្យករ រួមនឹងអ្នកជំនាញខ្មែរ បានចែករំលែកចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក ហើយបង្រៀនវិធីដាប់ថ្ម ជួសជុលថ្ម ព្យាបាលថ្មជាដើមដល់កម្មករខ្មែរដែរ រហូតមកដល់ពេលនេះ កម្មករខ្មែរទាំងអស់មានសមត្ថភាពអាចធ្វើការងារទាំងនោះបានដោយខ្លួនឯងយ៉ាងគួរឱ្យកត់សម្គាល់៕