(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ប្រភេទផ្កានៅកម្ពុជា, បើយើងពោលអំពីផ្កាព្រះទ្រហឹង ដែលជនជាតិខ្មែរយើងមួយចំនួនតែងនិយមហៅថា "ផ្កាអ័រគីដេខ្លា- Tiger Orchid " ដែលបានដាំនាខែតុលា ឆ្នាំ២០១៨ ក្រោមគំនិតផ្ដួចផ្ដើមពីសម្ដេចវិបុល សុខ អាន នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប ដែលជាប្រភេទផ្កាកេសរកូលមានពណ៌ដ៏ស្រស់ស្អាត និងធំជាងគេលើពិភពលោក។

រហូតមកដល់ពេលនេះ យើងឃើញចេញផ្កាមានចំនួន៣លើក, ដោយលើកទី១៖ នៅខែមេសា ឆ្នាំ២០២១ ដែលមានចំនួនតែ១ទងផ្កា, លើកទី២៖ នៅខែមេសា ឆ្នាំ២០២៤ ក៏ចំនួនតែ១ទងផ្កា និងលើកទី៣៖ ចាប់ផ្ដើមចេញផ្កាពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ មានចំនួនរហូតដល់ទៅ៥ទងផ្កា មានពណ៌ដ៏ស្រស់ស្អាត និងកំពុងធ្វើឲ្យមានការផ្ទុះការចាប់អារម្មណ៍ជាទីគយគន់ពីមហាជននេះ។

បើពោលអំពីកេសរកូល ផ្កាព្រះទ្រហឹង ឬអ័រគីដេខ្លា- Tiger Orchid គឺតំណាងឲ្យភាពភាពរឹងមាំ, ភាពធន់, ភាពស្រស់ស្អាតនៃផ្កា, ភាពប្រណិត លេចធ្លោដ៏ស្រស់ឆើតឆាយ។ ព្រោះតែស្រទាប់ផ្កានីមួយៗ មានសណ្ឋានរលោងចាំងទាក់ទាញភ្នែកអ្នកទស្សនា និងរីកនៅបានយូរថ្ងៃណាស់ នៅលើតួផ្កាទាំងមូលមានពណ៌លឿង និងមានស្នាមក្រឡាខ្លាខ្មៅៗអុចៗ ពាសលើគ្រប់ផ្នែកនៃត្របកផ្កា ដែលមើលទៅមានសណ្ឋានដូចស្បែកខ្លាអ៊ីចឹង។

បើពោលឲ្យចំ ផ្កាព្រះទ្រហឹងឬ ផ្កាអ័រគីដេខ្លា គេជឿថា នាំលាភសំណាងដល់អ្នកដាំ ជានិមិត្តរូបនៃអំណាច និងភាពរុងរឿង។

លោក រ័ត្ន សណ្ដាប់ បន្តថា ក្នុងវប្បធម៌អាស៊ីមួយចំនួន និងវប្បធម៌លោកខាងលិច ផ្កាអ័រគីដេខ្លា- Tiger Orchid ដោយសាររូបរាងផ្កានិងពណ៌ប្លែករបស់វា បានធ្វើឲ្យវាក្លាយជានិមិត្តរូបនៃភាពស្រស់ស្អាតដ៏កម្រ និងមានកិត្យានុភាព។ ជាទូទៅ វាកម្រចេញផ្កាណាស់ ហើយផ្កាអាចរីកបានរយៈពេលពី២ ទៅ៣ខែ ច្រើនចេញផ្កានៅរៀងរាល់ ២ - ៤ឆ្នាំម្តង ដោយភាគច្រើនវាចេញផ្កានៅរដូវប្រាំង និងដើមរដូវរងា ប៉ុន្ដែនៅប្រទេសអ៊ីតាលី , បារាំង តំបន់អឺរ៉ុប ផ្កាព្រះទ្រហឹងឬអ័រគីដេខ្លា ច្រើនចេញផ្កាអំទ្បុងនារដូវបុណ្យចូលឆ្នាំចិន។ ផ្កាព្រះទ្រហឹង ឬផ្កាអ័រគីដេខ្លា ជាប្រភេទរុក្ខជាតិដែលកម្រចេញផ្កាណាស់ ដោយវាត្រូវការផលិតតួដើមក្នុងចំនួនច្រើនជាមុនដើម្បីបានទងសិន មុននឹងអាចបញ្ចេញផ្កាបាន ម្យ៉ាងវិញទៀតវាក៏ជារុក្ខជាតិដែលមិនបញ្ចេញផ្កាទៀងទាត់ដូចរុក្ខជាតិដ៏ទៃទៀតដែរ ។

ទន្ទឹមនឹងនេះ គេតែងឆ្ងល់និងចោទសួរថា ហេតុអ្វីហៅផ្កាព្រះទ្រហឹង?

លោក រ័ត្ន សណ្ដាប់ បានរៀបរាប់ថា មានសេចក្ដីដំណាលថា ចំពោះធម្មជាតិនៃរុក្ខជាតិផ្កានេះ ក្នុងគ្រាមានខ្យល់ព្យុះ ឬខ្យល់បោកបក់ខ្លាំងម្តងៗ បានធ្វើឲ្យផ្នែកខាងទងផ្កា និងតួផ្ការបស់វាបានប៉ះទង្គិចគ្នាបញ្ចេញនូវសម្លេងលាន់លឺសូរដូចកាំជួ្រច ឬស្គរជ័យយ៉ាងទ្រហឹងអឺងកងពេញព្រៃ ប្រៀបដូចសម្លេងតន្រ្ដី ដ៏គួរឲ្យចាប់អារម្មណ៍និងចង់ស្តាប់។ ហេតុនេះ ដោយសារសម្លេងកើតឡើងពីការប៉ះទង្គិច និងកកិតគ្នារវាងទងផ្កា និងត្របកផ្កាពេលដែលត្រូវកម្លាំងខ្យល់បោកបក់ខ្លាំងនេះហើយ ទើបគេហៅថា "ផ្កាព្រះទ្រហឹង" តាមសម្លេងនិងសូរបន្លឺឡើងរបស់វាប៉ះទង្គិចគ្នាហ្នឹងឯង។ ដូច្នេះដោយសារតែវាជាប្រភេទកេសរកូលដែលមានទំហំធំខ្លាំង គេកម្រដាំកេសរកូលប្រភេទនេះនៅតាមផ្ទះណាស់ ប៉ុន្តែវាត្រូវបានគេនិយមយកមកដាំនៅតាមបណ្តាសួនរុក្ខសាស្ត្រដើម្បីតាំងបង្ហាញដល់អ្នកដែលចូលទៅទស្សនា៕