(រតនគិរី)៖ ផ្លូវក្រាលកៅស៊ូប្រភេទDBSTមួយខ្សែ ប្រវែង៥. ៦គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់កាចាញ ក្រុងបានលុង ឆ្ពោះទៅ រមណីយដ្ឋានទឹកជ្រោះចាអ៊ុង ស្ថិតក្នុងភូមិសាស្រ្តឃុំចាអ៊ុងស្រុកអូរជុំ ខេត្តរតនគិរី ត្រូវបានស្ថាបនាជួសជុលឡើងវិញខណៈដែលផ្លូវមួយនេះ ពីមុនខូចខាតមាននជង្ហុកធំៗបែករបាប់រអិលពិបាកធ្វើដំណើរខ្លាំងនៅរដូវវស្សា ចំណែកឯខែប្រាំងរលាក់ហ៊ុយដីងងឹតឈឹងរកមើលផ្លូវមិនឃើញ។

បើតាមប្រជាពលរដ្ឋនៅឃុំចាអ៊ុងបានឲ្យដឹងថា ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដោយបានផ្លូវល្អដោយក្រាលកៅស៊ូស្រួលធ្វើដំណើរក្នុងដឹកកសិផលរបស់ពួកមកកាន់ទីផ្សារ និងកូនៗពួកគាត់បានធ្វើដំណើរមកកាន់សាលារៀន មិនពិបាកដូចមុនទៀតទេ។ ប្រភពបន្តទៀតថា ផ្លូវនេះពីមុន ពិបាកធ្វើដំណើរខ្លាំងជាពិសេសរដូវវស្សា ស្ទើរធ្វើដំណើរមិនបានសោះហើយពេលដឹកកសិផល មកកាន់ទីផ្សារក៏ដូចដឹកកសិផលទៅលក់នោះគឺពេលខ្លះ ដួលប្រឡះខោអាវ និងពេលខ្លះទៀតដួលរងរបួសផងដែរ។ ប្រជាពលរដ្ឋខាងលើ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលបានជួយស្ថាបនាផ្លូវមួយខ្សែនេះ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរជាពិសេសការដឹកកសិផលមកកាន់ទីផ្សារ។

ជាមួយនេះពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអាណត្តិមុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមករាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដោយក្នុងនោះខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានរស់នៅសុខសាន្ត អាចប្រកបមុខរបរធ្វើជាអាជីវកម្មផ្សេងៗដើម្បីជួយលើកកម្ពស់ជីវភាព។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យ និងវាយតម្លៃលើការងារគុណភាពផ្លូវដែលទើបស្ថានារួច នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ការខិតខំប្រែងប្រែងអភិវឌ្ឍផ្លូវគមនាគមន៍ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០២៣ និងឆ្នាំ២០៥០។

លោកអភិបាលខេត្តបានបន្តថា ការកសាងស្ថាបនាផ្លូវ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការតភ្ជាប់រវាងទីប្រជុំជន និងទីជនបទដាច់ស្រយាល។ យ៉ាងណាមិញ ផ្លូវខេត្តមួយខ្សែចូលទៅកាន់តំបន់រមណីយដ្ឋានទឹកជ្រោះចាអ៊ុង ដែលបានស្ថាបនាដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដោយក្រាលកៅស៊ូប្រភេទDBST ប្រវែង៥.៦គីឡូម៉ែត្ររំពឹងថា ភ្ញៀវទេសចរនឹងទៅលេងច្រើនជាក់ជាមិនខាន៕