(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ ដែលដឹកនាំដោយ លោកស្រី Hélène Carrère លេខាធិការអចិន្ត្រៃយ៍នៃបណ្ឌិតសភាប្រទេសបារាំង នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ។
ក្នុងជំនួបពិភាក្សានេះ លោកអគ្គនាយកបានជម្រាបជូនអំពីដំណើរការនៃការងាររបស់អាជ្ញាធរជាតិអប្សរាដែលផ្តោតសំខាន់ទៅលើការជួសជុល ការអភិរក្សប្រាសាទ ការរៀបចំផែនការគ្រប់គ្រងទេសចរណ៍អង្គរ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សហគមន៍ក្នុងឧទ្យានអង្គរ។ បន្ថែមពីនោះ លោកក៏បានជម្រាបជូនគណៈប្រតិភូផងដែរ អំពីជោគជ័យជាបន្តបន្ទាប់លើការអភិរក្ស និងការជួសជុលប្រាសាទក្នុងតំបន់អង្គរ ដែលទទួលបាន ការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អន្តរជាតិ។
លោកស្រី Hélène Carrère បានថ្លែងអំណរគុណដល់លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការីដែលបានផ្តល់ឱកាសឱ្យក្រុមការងាររបស់លោកស្រីបានចូលជួបសម្តែងការគួរសម និងឈ្វេងយល់អំពីការងារសំខាន់ៗ របស់អាជ្ញាធរជាតិអប្សរា ដែលអនុវត្តបានយ៉ាងល្អគួរឱ្យកោតសរសើរ។
លោកស្រីសង្ឃឹមថា ការងារទំនាក់ទំនង និងកិច្ចសហការរបស់ស្ថាប័នជំនាញផ្សេងៗនៃរដ្ឋាភិបាលបារាំងនិងអាជ្ញាធរជាតិអប្សរា សម្រាប់ការងារអភិរក្សតំបន់ឧទ្យានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកនៅតែបន្តភាពស្និទ្ធស្នាល និងមានការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ជាបន្តទៀត។
លោកអគ្គនាយក ក៏បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅដល់លោកស្រី Hélène Carrère និងក្រុមការងារដែលបានឈ្វេងយល់ ពីកិច្ចការរបស់អាជ្ញាធរជាតិអប្សរា។ ជាពិសេសជាងនេះទៅទៀត ក្នុងរយៈកាលកន្លងមក រដ្ឋាភិបាលបារាំងក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរផងដែរ ដោយទទួលធ្វើជាសហប្រធានគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា (ICC-Angkor) ជាមួយប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះក៏បានរួមចំណែកក្នុងការស្រាវជ្រាវ ជួសជុលប្រាសាទមួយចំនួនដូចជា៖ ប្រាសាទបាភួនដែលបានបញ្ចប់ការជួសជុលទាំងស្រុង នាពេលថ្មីៗនេះ ហើយបច្ចុប្បន្នប្រទេសបារាំងក៏កំពុងបន្តដំណើរការជួសជុលប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្តាលបារាយណ៍ទឹកថ្លាទៀតផង៕