(កំពត)៖ ជនចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន០៦នាក់ ត្រូវកម្លាំងនគរបាល នៃការិយាល័យកណ្តាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង នៃការិយាល័យកណ្តាល ប្រឆាំងបទល្មើសខេត្ត និងកម្លាំងនគរបាលក្រុងកំពត និងមូលដ្ឋានធ្វើការបង្ក្រាប ឈានទៅឃាត់ខ្លួនបាន នៅម៉ោង១១៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០១៦នេះ នៅកន្លែងហ្គេមបាញ់ត្រី ស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។
មន្ត្រីនគរបាលនៃការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានប្រាប់ឲ្យដឹងថា ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត លោកបានបញ្ជា និងណែនាំនីតិវិធី ក្នុងប្រតិបត្តិការ ទើបកម្លាំងសហការខាងលើ ឈានទៅបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាក់ស្តែងបានចំនួន០៦នាក់ និងដកហូតវត្ថុតាង មានម្សៅក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់តូច។
បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ រួមនឹងវត្ថុតាងកម្លាំងនៃការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត កំពុងបំពេញឯកសារ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕