(ពោធិ៍សាត់)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន សមាជិកអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់សរុប ៥៣៥នាក់។
ពិធីនេះប្រារព្ធធ្វើឡើងនៅ បរិវេណតំបន់ប្រតិបត្តិការសឹករងខេត្ត ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការភូមិភាគ៥, លោក ម៉ៅ ធនិន អភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នាយទាហាន នាយទាហានរង សមាជិកសមាគម អតីតយុទ្ធជនជាច្រើននាក់ផងដែរ។
លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់ បានឲ្យដឹងថា ក្រុងពោធិ៍សាត់ មានសមាជិកអតីតយុទ្ធជនសរុប ៩៤៨នាក់ ក្នុងនោះយុទ្ធជនពិការ២៣១នាក់ យោធិនចូលនិវត្តន៍២៧៦នាក់ យោធិនបាត់បង់សមត្ថភាព១៨នាក់ យោធិនពលី៣៦៤នាក់ និងយោធិនមរណៈ ៥៩នាក់។
នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានសមាគម
អតីតយុទ្ធជនកម្ពុជា ជូនចំពោះសមាជិកអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលកន្លងមកបានបម្រើប្រទេសជាតិ ប្រកបដោយការធ្វើពលិកម្ម។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា កន្លងមកអាស្រ័យដោយមានការខ្វះខាត ចំពោះការបម្រើសំណូមពរ មិនបានដិតដល់ជូនសមាជិក ទើបមហាសន្និបាតតំណាងទូទាំងប្រទេសកន្លងទៅ សម្រេចផ្ទេរការគ្រប់គ្រងសមាជិក អតីតយុទ្ធជនមកឲ្យកងកម្លាំងប្រដាប់អាវុធវិញ ដើម្បីងាយស្រួលទំនាក់ទំនងទាំង ការបើកប្រាក់គោលរបបផ្សេងៗ ឲ្យបានទាន់ពេលវេលា និងតាមដានបានច្បាស់លាស់ ពីស្ថានភាព ជីវភាពរស់នៅរបស់អតីតយុទ្ធជនយើង។
នាយឧត្តមសេនីយ៍ បានបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន តាមរយៈការផ្តល់ដីសម្បទាន ការសាងសង់លំនៅដ្ឋានដល់សមាជិក ដែលមានការខ្វះខាត និងតម្លើងប្រាក់គោលរបបផ្សេងៗ ដូចមន្រ្តីរាជការ ដែលកំពុងបម្រើការងារ។
នាយឧត្តមសេនីយ៍ បានរំលឹកទៅដល់អតីតយុទ្ធជនថា ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបត្រូវចូលរួមថែរក្សាសន្តិភាព ដើម្បីការរស់នៅមានភាពសុខសាន្ត និងផ្តល់ឱកាសឲ្យសង្គមជាតិ ទទួលបានការអភិវឌ្ឍន៍
ហើយប្រជាពលរដ្ឋមានជីវភាពធូរធារ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានចែកជូនដល់សមាជិកអតីតយុទ្ធជន ក្រុងពោធិ៍សាត់ ដែលបានចូលរួមទាំង ៥៣៥នាក់ ក្នុងម្នាក់ៗទទួលបានសារុងម្នាក់១ និងថវិកា ៤ម៉ឺនរៀល ដែលទាំងអស់ជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន៕