(បាងកក)៖ មន្ត្រីយោធាកម្ពុជា និងថៃ បានបើកកិច្ចពិភាក្សាមួយកាលពីថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយបន្ទាប់ពីនោះរដ្ឋាភិបាលទាំង២បានឯកភាពគ្នារក្សាកងទ័ពរបស់ខ្លួនចំនួន៥នាក់ម្ខាងនៅប្រាសាទតាមាន់ធំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai បានផ្ដល់ព័ត៌មានសង្ខេបខ្លី ក្រោយកិច្ចប្រជុំមួយរបស់គណៈកម្មាធិការកិច្ចការព្រំដែនថៃ នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ជាមួយការកត់សម្គាល់ថាកិច្ចពិភាក្សាផ្តោតលើការបន្ធូរបន្ថយភាពតានតឹងនៅតាមតំបន់ព្រំដែនក្បែរប្រាសាទ។ កិច្ចប្រជុំនោះក៏មានការចូលរួមផងដែរពីសំណាក់រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក Tea Seiha។

បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ, កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាពក្នុងការរក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួន នៅទីតាំងដដែលតាមបណ្តោយព្រំដែន។

គួរបញ្ជាក់ថា សារព័ត៌មាន Bangkok Post ដោយផ្អែកលើប្រភពទទួលបានពីយោធាថៃ បានឱ្យដឹងថាកិច្ចចរចារវាងកម្ពុជា និងថៃ បានធ្វើឡើងកាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់កុំឱ្យមានជម្លោះផ្ទុះឡើងនៅតាមតំបន់ព្រំដែន ក្នុងនោះរួមមានទាំងតំបន់នៅក្បែរប្រាសាទតាមាន់ធំ៕