(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះអប់រំផ្សព្វផ្សាយបន្ថែមដល់អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ពាក់ព័ន្ធករណីអង្ករប្លាស្ទិក ដោយបានបញ្ជាក់ប្រាប់ថា មិនមានវត្តមានអង្ករប្លាស្ទិក ក្នុងទីផ្សារកម្ពុជាឡើយ ករណីនេះគ្រាន់តែជាការបោកបញ្ឆោត ក្នុងបណ្ដាញ Facebook តែប៉ុណ្ណោះ។
ដោយមានកិច្ចសហការ ជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងនៅចំពោះមុខអាជីវក និងប្រជាពលរដ្ឋនៅផ្សារប៉ាងរលឹម ខេត្តប៉ៃលិនថា ក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន កំពុងល្បីរន្ទឺអំពីបញ្ហាអង្ករប្លាស្ទិក ដែលកំពុងបន្តផ្សព្វផ្សាយយ៉ាងផុលផុស តាមបណ្តាញសង្គម Facebook ដែលបញ្ហានោះ គឺគ្មានការពិតឡើយ វាជាការលាបពណ៌បង្កចលាចលដល់អារម្មណ៍ និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេសកម្ពុជា។
លោកបានបន្តណែនាំដល់អាជីវក និងប្រជាពលរដ្ឋថា «អង្ករប្លាស្ទិកវាមិនងាយនឹងផលិតចេញឡើយ ណាមួយតម្លៃប្លាស្ទិកនោះ វាថ្លៃជាងអង្ករទៅទៀត ដែល១តោនតម្លៃប្រមាណ ២,០០០ដុល្លារ តែអង្ករធម្មជាតិវិញ ១តោនតម្លៃត្រឹមតែ ៥០០ដុល្លារ ថ្លៃបំផុត១តោនតែ ៨០០ដុល្លារ ប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តាកុំចាញ់បោកការឃោសនាអកុសល តាមប្រព័ន្ធបណ្តាញសង្គម Facebook ឬជនណាមួយមកបោកបញ្ឆោតយើង និងអាចនិយាយចេញថាលាបពណ៌ ក្នុងបំណងបំពុលបរិយាកាយសង្គមតែប៉ុណ្ណោះ»។
លោកបានបញ្ជាក់ថា «ពលរដ្ឋយើងនិយមលេង Facebook ឃើញបង្ហោះវីឌីអូឃ្លីប គ្រាប់ប្លាស្ទិកដែលមើលទៅប្រហាក់ប្រហែលជាគ្រាប់អង្ករនោះ ការពិតវាមិនមែនអង្ករទេ វាជាគ្រាប់ជ័រប្លាស្ទិក សម្រាប់យកមកផលិតសម្ភារៈប្រើប្រាស់ដូចជា ដបជ័រ ថង់ ពិដុងជ័រជាដើម។
កាលពីពេលថ្មីៗនេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកកាំកុងត្រូល បានធ្វើការផ្សព្វផ្សាយជាសាធារណៈថា ប្រសិនបើប្រជាពលរដ្ឋបានដឹង ឬបានទិញអង្ករប្លាស្ទិកពិតប្រាកដមែននោះ សូមផ្តល់ព័ត៌មានដល់មន្ត្រីកាំកុងត្រូលនៅជិតបំផុត ដើម្បីចុះទៅត្រួតពិនិត្យ និងស្រង់ព័ត៌មានលម្អិតរកប្រភពពិត ហើយអង្ករប្លាស្ទិកទាំងអស់ ដែលមានលោកនឹងទទួលទិញក្នុងតម្លៃ ១គុណនឹង៤។
លោកប្រធានសាខាបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើការខិតខំប្រឹងប្រែងរបស់មន្ត្រីកាំកុងត្រូល ប្រាកដណាស់ រហូតមកដល់ពេលនេះ គ្មានទេអង្ករប្លាស្ទិក សូម្បី១គ្រាប់ដែលលួចបន្លំលក់នៅលើទឹកដីកម្ពុជា។
ក្នុងឱកាសនោះដែរ មន្ត្រីជំនាញទាំងអស់ក៏បានធ្វើការបិត និងចែកស្លាកអប់រំពី សុខសុវត្ថិភាពមុខម្ហូបអាហារ ដល់អាជីវក និងប្រជាពលរដ្ឋរស់នៅខេត្តប៉ៃលិន ព្រមទាំងធ្វើការដកហូតបានទំនិញខូចគុណភាព និងផុតកាលបរិច្ឆេទ ដូចជាទឹកក្រូចដបជ័រចំនួន ១៣៧ដប ទឹកក្រូចកំប៉ុងចំនួន ១១កំប៉ុង និងមុខទំនិញផ្សេងៗមួយចំនួនធំទៀត៕