(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំយកអាវរងារជាច្រើនសម្រាប់ទៅចែកជូនកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចំនួន ១៥អង្គភាព ដែលកំពុងឈរជើងនៅភូមិសាស្រ្តទិសយោធភូមិភាគពិសេស នៃទីបញ្ជាការវរសេនាតូចលេខ ក្នុងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង (ស្តុកអាចម៍រមាស)។
នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងក្នុងពេលចែកអាវរងារនោះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ និងរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សង្គមជាតិ។ លោកបន្តថា ឈរលើស្មារតី នៃការយកចិត្តទុកដាក់នេះ សម្តេចតេជោ តែងបានចាត់ចែងរូបលោកចុះជួបពិនិត្យដោយនូវការរស់នៅរបស់កងទ័ពនៅគ្រប់កន្លែង ហើយនៅពេលរដូវជិតឈានមកដល់ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងយកអាវរងារចែកជូនកងទ័ពបន្ថែមទៀត។
ជួសមុខឲ្យកងកម្លាំងទាំងអស់ ឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានប្តេជ្ញាដាច់ខាតអនុវត្តភារកិច្ចការពារបូរណ ភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីឆន្ទៈប្រជាពលរដ្ឋ និង ថ្កោលទោសប្រឆាំងដាច់អហង្ការរាល់ទង្វើរបស់ជនទុច្ចរិត និងជនអគតិទាំងឡាយ ដែលតែងតែប្រឌិតមូលបង្កាច់ ប្រជាភិថុតិ ក្នុងចេតនាអាក្រក់ផ្តួលរំលំរាជរដ្ឋាភិបាល។
ទន្ទឹមនោះនាយឧត្តមសេនីយ៍ គន់ គីម បានផ្តាំផ្ញើដល់កងទ័ពឲ្យចិត្តទុកដាក់ថែទាំសុខភាព ជាពិសេសនៅក្នុងរដូវរងារខាងមុខនេះ តាមរយៈការហាត់ប្រាណ លេងកីឡា ហើយត្រូវសកម្មក្នុងជីវភាពការដាំដំណាំរួមផ្សំ ការចិញ្ចឹមសត្វ ដើម្បីបង្កើនកម្រិតជីវភាពក្នុងគ្រួសារ៕