(ភ្នំពេញ)៖ សត្វខ្លាពពក (𝘕𝘦𝘰𝘧𝘦𝘭𝘪𝘴 𝘯𝘦𝘣𝘶𝘭𝘰𝘴𝘢) ជាខ្លាព្រៃទំហំមធ្យម មានកំណើតដើមនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វនេះត្រូវបានចាត់ចូលជាប្រភេទទទួលរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយសព្វថ្ងៃឃើញមានផងនៅតំបន់ការពារនានាក្នុងប្រទេសកម្ពុជារួមមាន តំបន់ជួរភ្នំក្រវាញកណ្តាលដែរ។
ទោះបីជាខ្លាពពកអាចរស់នៅតាមទីជម្រកផ្សេងៗ ដូចជាព្រៃស្រោង តំបន់ព្រៃល្បោះ និងតាមតំបន់ដីសើមក៏ដោយ ជាទូទៅសត្វនេះមិនងាយបានឃើញឡើយ ហើយក៏ពុំសូវមានព័ត៌មានច្រើនពីវាប៉ុន្មានដែរ។
ក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន ដៃគូសហការ អង្គការក្រៅរដ្ឋាភិបាល ដែគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន រួមគ្នាការពារទីជម្រក និងជីវៈចម្រុះជាពិសេសប្រភេទសត្វជិតផុតពូជ រួមទាំងសត្វខ្លាពពកផង តាមរយៈការគាំទ្រផ្នែកជំនាញបច្ចេកទេសដល់មន្ត្រីបរិស្ថានក្នុងកិច្ចការងារអនុវត្តច្បាប់ តាមដានស្រាវជ្រាវ ផ្សព្វផ្សាយជីវៈចម្រុះ និងកម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ជាដើម។ យើងអាចចូលរួមថែរក្សាសត្វខ្លាពពកបានដោយគាំទ្រដល់កិច្ចការងារអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វព្រៃ មិនជួញដូរសត្វព្រៃ និងមិនកាប់បំផ្លាញព្រៃឈើ៕
ប្រភព៖ គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញកណ្តាល (CC REDD+) អង្គការ CI