(ភ្នំពេញ)៖ ទន្ទឹមគ្នានឹងកម្ពុជា ចាប់បញ្ជូនជនជាតិវៀតណាមខុសច្បាប់ទៅកាន់ស្រុកកំណើត, នៅឯប្រទេសវៀតណាមឯណោះវិញ ក៏បានចាប់បញ្ជូនពលរដ្ឋខ្មែរ៣២នាក់ ដែលចូលទៅសុំទាន និងលក់ឆ្នោតខុសច្បាប់នៅវៀតណាម ឱ្យត្រឡប់មកកម្ពុជាវិញផងដែរ។
ពលរដ្ឋខ្មែរចំនួន៣២នាក់ ដែលក្នុងនោះមានកុមារ២៤នាក់ដែរនោះ បានត្រឡប់មកប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ តាមច្រកទ្វារព្រំដែន អន្តរជាតិបាវិត ហើយពេលនេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចខេត្តស្វាយរៀង។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ស្ថានអគ្គកុងស៊ុល បានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមពលរដ្ឋទាំង៣២នាក់នោះ គឺ២៦នាក់ ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន និងប្រមូលផ្តុំនៅមជ្ឈមណ្ឌល សង្គ្រោះសង្គមទីក្រុងហូជីមិញ ហើយធ្លាប់បានគ្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែត្រូវពន្យារពេលរហូតមកដល់បច្ចុប្បន្ននេះ ដោយសារស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ពុំទាន់បានបញ្ចប់នីតិវិធី។ ចំណែកពលរដ្ឋ ៦នាក់ទៀតផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរវៀតណាមឃាត់ខ្លួន ក្នុ្ងងអំឡុងខែតុលាកន្លងទៅនេះ។ ក្នុងចំណោមពលរដ្ឋខ្មែរទាំង៣២នាក់ គឺ៣០នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង ១នាក់នៅខេត្តកណ្តាល និងម្នាក់ទៀត នៅខេត្តកំពង់ស្ពឺ។
សូមបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០១៦នេះ មានពលរដ្ឋខ្មែរដែលចូលទៅសុំទាននិងលក់ឆ្នោតខុសច្បាប់នៅវៀតណាមចំនួន១៧៤នាក់ហើយ ត្រូវបានធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីត្រូវអាជ្ញាធរវៀតណាមឃាត់ខ្លួន៕