(រតនគិរី)៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ប៊ី ជីវ័នតារាអនុប្រធានគណបក្សក្រុងបានលុង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់យក្សឡោម បានដឹកនាំក្រុមការងារគណបក្សសង្កាត់យក្សឡោម ចុះសួរសុខទុក្ខ និងនាំថវិកាមួយចំនួន ប្រគល់ជូនក្រុមគ្រួសារមន្ត្រីនគរបាលដែលអគ្គិភ័យឆាបឆេះផ្ទះអស់។

ក្នុងឱកាសនេះ លោក ប៊ី ជីវ័នតារា បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណបក្សខេត្ត និងលោក ធូ ឃឿ ប្រធានគណបក្សក្រុងបានលុង ដែលតែងតែគិតគូរមន្ត្រី និងប្រជាពលរដ្ឋដែលជួបបញ្ហាផ្សេងៗ។ លោកបន្តថា បើទោះបីថវិកាតិចតួចក្តីមិនអាចបំពេញតាមតម្រូវការបាន ប៉ុន្តែក៏អាចដោះស្រាយបញ្ហាចំពោះមុខបានមួយចំណែកដែរ។

ថវិកានាំយកទៅប្រគល់ជូនរួមមាន លោក ប៊ី ជីវ័នតារា ចំនួន៤០ម៉ឺនរៀល និងថវិកាគណៈកម្មាធិការបក្សសង្កាត់យក្សឡោម ចំនួន២០ម៉ឺនរៀល។

សូមបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះផ្ទះចំនួន២ខ្នង កាលពីវេលាម៉ោង១០៖០០នាទី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង។ ម្ចាស់ផ្ទះទី១ឈ្មោះ ង៉ាយ ការី មុខរបរនាយរងប៉ុស្តិ៍សង្កាត់យក្សឡោម ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ៦ម៉ែត្រ គុណ៨ម៉ែត្រ ឆាបឆេះអស់ទាំងស្រុង។ ដោយឡែកផ្ទះថ្ម១ខ្នងទៀត ប្រក់ស័ង្កសីមានទំហំ៦ម៉ែត្រ គុណ១២ម៉ែត្រ ឆាបឆេះអស់ប្រមាណ៧០% ព្រមទាំងខូចខាតសម្ភារមួយចំនួនផងដែរ៕