Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

១០ខែឆ្នាំ២០១៦ រដ្ឋបាលជលផល​បង្រ្កាបបទល្មើសនេសាទ​បានជិត ៣ពាន់ករណី​

04-11-2016 14:59

(ភ្នំពេញ)៖ របាយការណ៍រដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងរយៈពេល ១០ខែឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចជលផលបានបង្រ្កាបបទល្មើសចំនួន ២,៩០៧ករណី មានចំនួនថយចុះ ៣១៦ករណី បើធៀបទៅនិងឆ្នាំ២០១៥។

របាយការណ៍ដែលបានផ្សព្វផ្សាយក្នុងពិធីប្រជុំបូកសរុបលទ្ធផលបង្រ្កាបបទល្មើសនេសាទ ដែលធ្វើឡើងនៅរដ្ឋបាលជលផលនាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ក្នុងចំណោមបទល្មើសបង្រ្កាបបាននេះ មានបទល្មើសនេសាទ ១៥១ករណី ត្រូវបានបញ្ជូនទៅកាន់តុលាការ ជាមួយជនសង្ស័យប្រព្រឹត្តល្មើស ១២២នាក់ ហើយ ៥៧នាក់ត្រូវបានតុលាកសរសម្រេចដាក់ពន្ធនាគារ។

របាយការណ៍បន្តថា មានបទល្មើស ១០១ករណី ត្រូវបានពិន័យជាទឹកប្រាក់ជាង ១៦៦លានរៀល។ ក្នុងចំណោមបទល្មើសជិត ៣ពាន់ករណីនេះ កម្លាំងសមត្ថកិច្ចជលផល បានរឹបអូស និងបំផ្លាញវត្ថុតាងមានដូចស្បៃមុង និងសាច់អួនចំនួន ២,៦៥៥ករណី និងបានលែងកូនត្រីចម្រុះចូលទន្លេ បឹង ព្រែកវិញ បានជាង ៩ម៉ឺនគីឡូក្រាម។

បើទោះបីជាយ៉ាង លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុបការងារបង្រ្កាបបទល្មើសនេសាទនេះ នៅតែទទូចដល់កម្លាំងសមត្ថកិច្ចជលផលបន្តបង្រ្កាបទល្មើសនេសាទ ដើម្បីបង្កើនមច្ឆជាតិ៕