(កណ្តាល)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៣,៨៦៨បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៦ភូមិ ស្ថិតនៅភូមិតាំងស្តុក ភូមិប្រាសាទ ឃុំឈ្វាំង ភូមិតាតូច ភូមិជ្រៃលាស់ ភូមិត្រពាំងវាល ឃុំជ្រៃលាស់ និងភូមិត្រពាំងរកា ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅបិរវេណវត្តកែមូលី ។

ពិធីនេះក្រោមអធិបតីភាពលោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល។

ថ្លែងក្នុងពិធីនេះលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងកោតសរសើរប្រជាពលរដ្ឋក្នុងឃុំឈ្វាំង ឃុំភ្នំបាត និងឃុំជ្រៃលាស់ ដែលជាប្រជាពលរដ្ឋល្អ មានទំនាស់ដីធ្លីតិចបំផុត។ លោកថា ក្នុងការចេញបណ្ណកម្មសិទ្ធិជិត ៤ពាន់បណ្ណ គឺមានទំនាស់ត្រឹមតែ២ប៉ុណ្ណោះ ដែលនេះសបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋទាំង៣ឃុំនេះ ជាប្រជាពលរដ្ឋល្អដែលមិនមានទំនាស់ដីធ្លី។

អភិបាលខេត្តកណ្ដាល បន្តថា «ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ មិនមានការបង់ប្រាក់នោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមជាមួយក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធកន្លងមក ក្រុមការងារបានចុះបញ្ជីជូន ដោយមិនគិតថ្លៃសេវាឡើយ»

លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមថា ដីធ្លី​បានចុះបញ្ជី​ មានបណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ។ ក្នុងន័យនេះ ដីធ្លី​បានចុះបញ្ជី​ មានបណ្ណកម្មសិទ្ធិ​ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់ តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ និងធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោកបានបន្ថែមថា ការចែកបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងចំនួន០៣ភូមិ ក្នុងឃុំល្វាសរ ស្រុកល្វាឯម ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ។

លោករដ្ឋលេខាធិការ ក៏បានថ្លែងកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុង ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន ៦៣ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៥៥១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥៥% នៃចំនួនភូមិសរុប ហើយថ្ងៃនេះគឺជាលើកទី២៣៧ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ចំនួន៦ភូមិ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋ ចំនួន៣,៨៦៨បណ្ណ៕