(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានប្រកាសចាប់ផ្តើមលក់ទូរស័ព្ទ iPhone 7/7 Plus នៅព្រឹកថ្ងៃទី០៤ វិច្ឆិកានេះ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នៅរាជធានីភ្នំពេញ ដោយមានអតិថិជនជាច្រើន ដែលបានកុម្មង់ទិញទុកមុន ឈរតំរង់ជួរដើម្បីទទួលយក iPhone ថ្មីស្រឡាងរបស់ពួកគេ។

លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត Smart បានថ្លែងថា «ក្រុមហ៊ុន Smart មានសេចក្តីរំភើប មិនខុសពីអ្នកទាំងអស់គ្នា​កំពុងរង់ចាំ ទទួលទូរស័ព្ទរបស់គាត់នោះទេ ក្នុងការដាក់លក់ជាផ្លូវការ នូវស្មាតហ្វូនជំនាន់ចុងក្រោយបំផុត របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Smart ជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់នៅកម្ពុជា ដែលមានសិទ្ធិផ្តាច់មុខ ក្នុងការលក់ទូរស័ព្ទ iPhone ជាផ្លូវការ ហើយយើងមានក្តីរីករាយជាពន់ពេក ដោយបាននាំយកផលិតផល មកដល់ដៃប្រជាជនកម្ពុជា និងបន្ថែមមកជាមួយ នូវកញ្ចប់សេវាកម្មយ៉ាងល្អពិសេស ជូនដល់អតិថិជនរបស់យើង»

លោក Thomas បានបន្ថែមថា «យើងជឿរជាក់ថា អតិថិជនរបស់យើងនឹងទទួលបានភាពរីករាយ នៅពេលគាត់ប្រើទូរស័ព្ទ iPhone 7 និង 7 Plus ថ្មីរបស់ពួកគាត់ ជាមួយនឹងគុណភាពបណ្តាញ គ្របដណ្តប់គ្រប់ទិសទីរបស់ Smart ជាពិសេសជាមួយអ៊ិនធឺណិត 4G ដែលមានល្បឿនលឿនជាងគេនៅកម្ពុជា ។ សព្វថ្ងៃ មានប្រជាជនជាង៥០% នៃចំនួនប្រជាជនសរុប ស្ថិតនៅក្រោមបណ្តាញគ្របដណ្តប់ 4G LTE របស់យើង និងនៅគ្រប់២៥ខេត្ត-ក្រុងតែម្តង»

លោកបន្ដថា ទូរស័ព្ទ iPhone 7 មានលក់សម្រាប់អតិថិជនទូទៅដែលចូលទៅទិញនៅហាង Smart ចាប់ទីថ្ងៃទី០៤ ខែវិច្ឆិកាចាប់ពីតម្លៃ៧៩៨ ដុល្លារ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ពីក្រុមហ៊ុនដូចជាលេខពិសេស ដែលមានតំលៃ១២៩ដុល្លារ និងទទួលបានការប្រើប្រាស់គម្រោង Power+ ចំនួន១២ខែដោយឥតគិតលុយ។សម្រាប់តម្លៃទូរស័ព្ទ iPhone 7 និង iPhone 7 Plus ពីក្រុមហ៊ុនស្មាត គឺមានតម្លៃចាប់ពី៧៩៨ដុល្លារ ដល់៩៩៨ដុល្លារ សម្រាប់ម៉ូដែល iPhone 7 និង មានតម្លៃចាប់ពី៩២៨ដុល្លារ ដល់១១២៨ដុល្លារ សម្រាប់ម៉ូដែល iPhone 7 Plus ។

គួរបញ្ជាក់ថា ទូរស័ព្ទទំនើបចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple នេះ ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុន Smart Axiata ក្នុងនាមជាដៃគូ​ទូរគមនាគមន៍ផ្តាច់មុខជាមួយក្រុមហ៊ុន Apple សម្រាប់ប្រទេសកម្ពុជា ។ អតិថិជនជាច្រើនដែលបានកុម្ម៉ង់ទិញទុកមុន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ វិច្ឆិកា ទទួលបានការធានាពីក្រុមហ៊ុន និងទទួលបានទូរស័ព្ទដែលខ្លួនបានកុម្ម៉ង់នៅថ្ងៃទី០៤ វិច្ឆិកាមុនគេ៕