(រតនគិរី)៖ ទោះបីជាទីដាច់ស្រយាលពីទីប្រជុំជន យ៉ាងណាក្តីក៏មន្រ្តីកាំកុងត្រូល សាខាខេត្តរតនគិរី ដឹកនាំដោយលោក ហេង សាយ ប្រធានសាខា បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ អាជ្ញាធរដែនដីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យចំណីអាហារផលិតផលកំប៉ុង និងគ្រឿងសមុទ្រ ដែលដាក់លក់នៅក្នុងផ្សារបានលុង ហើយរកឃើញទំនិញខូច គុណភាពជិត១០គីឡូក្រាម ដកហូតយកមក កំទេចចោលនៅពេលខាងមុខ។
មន្រ្តីសាខាកាំកុងត្រូល ខេត្តរនតគិរី បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញខាងលើនេះ គឺពិនិត្យ ទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើអំបិល តើមានអ៊ីយូតរឺអត់ និង ម្ហូបអាហារមួយចំនួន រួមមាន សសៃគុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ បង្គារ មឹក ជាដើម គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax, Salicylic Acid និងម្សៅស Sodium Hydrosulfite ឡើយ។ ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូលក៏ចុះទៅសាលាបឋមសិក្សាគ្រូ យើង ដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សផងដែរ ។
ឆ្លៀតឳកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ ។
លោក ហេង សាយ បានឲ្យដឹងបន្តថា ក្នុងការចុះមកត្រួតទំនិញ នៅតាមផ្សារនិងតាមផ្ទះនេះ ក្នុងផ្សារបានលុងនេះ ក៏មាន ការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផងដែរ ដោយពួកគាត់យល់ដឹងច្បាស់ពី សុវត្ថិភាពម្ហូបអាហារ។
លោកក៏បានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ៕