(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ការងារបង្ក្រាបបទល្មើសនេសាទមិនមែនជារឿងងាយស្រួល ហើយរឹតតែពិបាកនៅពេលដែលបើជនល្មើសជ្រកក្រោមផ្លាកប្រជាជន ក៏ប៉ុន្តែអាជ្ញាធរត្រូវឈ្លាសវៃញែកឱ្យដាច់រវាងជនល្មើស និងប្រជាជន។
ការលើកឡើងបែបនេះរបស់លោក បានធ្វើឡើងក្នុងដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន ដែលសហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល, សហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO ទៅកាន់សហគមន៍នេសាទកំពង់ប្រាក់ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានអំពីដំណើរបង្ក្រាបបទល្មើសនេសាទក្នុងមូលដ្ឋានខេ្តពោធី៍សាត់, លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា៖ «កិច្ចការនេះមិនមែនជារឿងងាយស្រួលទេ ជនល្មើសខ្លះឆ្លាតណាស់ គេឆ្លើយថាធ្វើបាបប្រជាជន បើជនល្មើសជ្រកក្រោមផ្លាកប្រជាជនហើយ អាជ្ញាធរយើងត្រូវតែឈ្លាសវៃ គឺញែកឱ្យដាច់រវាងជនល្មើស និងប្រជាជន អ្នកប្រព្រឹត្តកម្រិតណាជនល្មើស...»។
លោក បានសង្កត់ធ្ងន់ថា «សារព័ត៌មានខ្លះរករឿងធ្វើឱ្យអាជ្ញាធរបាក់ស្មារតី ប៉ុន្តែសម្រាប់ខ្ញុំមិនបាក់ស្មារតីទេ ហើយកិច្ចការងារដែលយើងកំពុងតែធ្វើនេះគឺវាប្រឈម តែថ្ងៃក្រោយទៅប្រជាពលរដ្ឋសប្បាយចិត្តជាមួយយើង នៅពេលដែលយើងទម្លុះស្រទាប់ខ្មៅនេះទៅ ថ្ងៃក្រោយគាត់ឃើញសមិទ្ធផលហើយ គាត់នឹងអរគុណរាជរដ្ឋាភិបាល..»៕