(កណ្ដាល)៖ បុរសម្នាក់ត្រូវបានជនសង្ស័យវាយ៤ដំបង ដេកស្លាប់ក្នុងអង្រឹង ក៏ព្រោះតែគំនុំធ្លាប់ទាស់សម្ដីគ្នា ប៉ុន្ដែជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដែលករណីឃាតកម្មនេះ កើតឡើងនៅយប់ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ចំណុចភូមិព្រែកតាបែនឃុំ ព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ដ្រីនគរបាល ស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនរងគ្រោះដែលដេកស្លាប់ក្នុងអង្រឹង ឈ្មោះ ស្រ៊ឺន ឌីណា ហៅខ្នា អាយុ៣១ឆ្នាំ នៅភូមិឃុំកើតហេតុ មានរបួសស្នាមមុត ក្រោមភ្នែកខាងស្តាំ១កន្លែង និងនៅលើក្បាលស្នាម មុត១កន្លែង រីឯជនសង្ស័យដែលឃាត់ខ្លួនបាន ឈ្មោះ នួន សារី អាយុ៤៣ឆ្នាំ។
មន្ដ្រីដដែលបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅជួយមើលការខុសត្រូវ ក្នុងពិធីបុណ្យខួប៣ឆ្នាំ របស់អ្នកជិតខាង ហើយបានអង្គុយផឹកស៊ីរហូតដល់ម៉ោង២២៖០០ ក៏នាំគ្នាឈប់ រួចជនរងគ្រោះបានចងអង្រឹងដេកក្រោមជណ្ដើរផ្ទះបុណ្យ ស្រាប់តែពេលនោះ ជនសង្ស័យឃើញឱកាសល្អ ក៏បានយកឈើជ្រុងប្រវែងជាង១ម៉ែត្រ វាយទៅលើជនរងគ្រោះដែលកំពុងដេកលង់លក់ ចំនួន៤ដំបងស្លាប់ភ្លាមៗតែម្ដង។ សមត្ថកិច្ច បន្ថែមថា រហូតដល់ម៉ោង៥ភ្លឺ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ម្ដាយម្ចាស់ផ្ទះបុណ្យឃើញឈាមនៅក្រោមអង្រឹង ក៏បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុ មន្ដ្រីនគរបាលមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីពិនិត្យសពរួចរាល់សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយករណីឃាតកម្ម។ ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង២ម៉ោង មន្ដ្រីជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យមា្នក់ ដែលជាឃាតករសម្លាប់ជនរងគ្រោះ ហើយជនសង្ស័យបានសារភាពថា ធា្លប់មានគំនុំជាមួយជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕