(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឲ្យប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានឆ្លៀតពេលដ៏មានតម្លៃ ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យធនធានទឹកនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលជានិច្ចកាលបានចូលរួមសហការយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។
ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្ម វិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី តាមរយៈគម្រោងកែលម្អវិស័យធារាសាស្រ្ត (IAIP) និងគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRMP) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។
ជាមួយគ្នានោះ តំណាងប្រតិភូ លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីគោលបំណងរបស់ក្រុមបេសកកម្ម ដើម្បីជួបពិគ្រោះយោបល់សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះទីពីរ និងពិភាក្សាលើសំណើជំនួយបច្ចេកទេសគម្រោងកសាងផែនការមេអាងទន្លេកម្ពុជាដែលមានភាពធន់។
ជាការឆ្លើយតប រដ្ឋមន្រ្តី ថោ ជេដ្ឋា បានបញ្ជាក់ពីជំហរយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយដល់ប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យកាន់តែខ្លាំងថែមទៀត។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើម ក្នុងការរៀបចំកសាងផែនការមេអាងទន្លេមេគង្គកម្ពុជា ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តរួមយូរអង្វែង សម្រាប់ការពង្រឹងសន្តិសុខទឹក ភាពធន់នឹងអាកាសធាតុ និងផែនការអាងទន្លេប្រកបដោយនិរន្តរភាព ហើយថែមទាំងជួយជំរុញដល់ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹក ឲ្យកាន់តែមានប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន សម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចសង្គមនៃកម្ពុជា ប្រកបដោយចីរភាព៕