(កំពង់ធំ)៖ លោក គឹម យ៉ុន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ បានអញ្ជើញយកអំណោយលោក ហ៊ុន ម៉ានី ឧបនាយកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងថវិការបស់សមាជិកសមាជិកាឃុំ ទៅប្រគល់ជូននិងចូលរួមរំលែកមរណទុក្ខគ្រួសារសពឧបាសិកា សេក ញ៉េប ដែលត្រូវជាម្តាយបង្កើតលោកគ្រូ លុច ឡុង សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង ដែលបានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨៧ឆ្នាំ នៅភូមិលាបទង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
ក្នុងនាមលោកប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាឃុំកំពង់ចិនត្បូង តំណាងលោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកសូមសម្ដែងនូវសមានុចិត្តដ៏ក្រៀមក្រមបំផុតចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពដែលបានបាត់បង់អ្នកម្ដាយជាទី គោរពសក្ការៈ យ៉ាងអាឡោះអាល័យមិនអាចជួបគ្នាទៀតបាន។
ជាមួយគ្នានេះ ក្រុមគ្រួសារសពឧបាសិកា សេក ញ៉េប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកប្រធាន ស ស យ ក ឃុំកំពង់ចិនត្បូង និងលោក ហ៊ុន ម៉ានី ប្រធាន ស ស យ ក កម្ពុជា ដែលបានតែងតែគិតគូយកចិត្តទុកដាក់និងបានចូលរួមរំលែកមរណទុក្ខ ព្រមទាំងឧបត្ថម្ភនូវអង្ករនិងថវិកាដល់ក្រុមគ្រួសាររបស់លោកនៅក្នុងឱកាសនេះ។
សូមបញ្ជាក់ថា ឧបាសិកា សេក ញ៉េប ជាគ្រួសារក្រីក្រហើយក្រុមការងារបានចូលបុណ្យនូវអង្ករ២បេ ជាអំណោយរបស់លោក ហ៊ុន ម៉ានី និងថវិកា ៣២០ ០០០ រៀល ជារបស់ស ស យ ក ឃុំកំពង់ចិនត្បូងផងដែរ៕