(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានសម្រេចថា នឹងដាក់កម្លាំងជាង១ម៉ឺននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលចាប់ផ្តើមឡើងនៅអំឡុងពាក់កណ្តាលខែវិច្ឆិកានេះ។
ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីខកខានអស់រយៈពេលច្រើនឆ្នាំ។ តាមការកត់សម្គាល់ ចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៦នេះ បុណ្យអុំទូកនៅកម្ពុជា ពុំបានរៀបចំឱ្យជាប់លាប់រាល់ឆ្នាំឡើយ ពោលទើបនឹងប្រារព្ធបានម្តងនៅឆ្នាំ២០១៤ប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឱ្យកម្ពុជា មិនអាចប្រារព្ធពិធីបុណុ្យអុំទូក ដ៏សប្បាយរីករាយនេះបាន ដោយសារតែគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រជាដើម។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំស្តីពីការត្រៀមកម្លាំងសមត្ថកិច្ច ដើម្បីការពារបុណ្យអុំទូកនេះ មានការចូលរួមដោយ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រំទាំងមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។
តាមការគ្រោងទុក នៅអំឡុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ នឹងមានទូក-ង ចូលរួមប្រឡងប្រណាំងចំនួន២៥៦ទូក ហើយមានកីឡាករចូលរួមអ៊ុទូកប្រមាណ ១៦,០០០នាក់ មកពី១៦រាជធានី-ខេត្ត។ នេះបើតាមការបញ្ជាក់ពី លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។
លោក កឹម គុណវឌ្ឍ បានឲ្យដឹងថា ទីកន្លែងចំណតទូកនិងកាណូត នៅពេលសម្រាកគឺត្រូវស្ថិតនៅប៉ែកខាងត្បូងស្ពានមិត្តភាពកម្ពុជា-ចិន ប្រមាណ១០០ម៉ែត្រ ឯកន្លែងប្រមូលផ្តុំនិងផ្គូរទូក ក្នុងពេលប្រកួតមានទីតាំងស្ថិតនៅប៉ែកខាងជើងត្រើយខាងកើតនៃស្ពានមិត្តភាពកម្ពុជា-ជប៉ុន។ ដោយឡែកលានទឹកប្រណាំងទូកវិញ មានបណ្តោយ១,៧០០ម៉ែត្រ ក្នុងទន្លេសាប មុខព្រះបរមរាជវាំង ហើយការប្រកួតមាន២ជើងដោយផ្លាស់ប្តូរខ្សែទឹកក្នុង-ក្រៅម្តងម្នាក់៕