(ភ្នំពេញ)៖ ឧបាសិកា ស ដៀប ម្តាយបង្កើតរបស់លោក សំ សីហា អ្នកអត្ថាធិប្បាយព័ត៌មានលើទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦៤ឆ្នាំ។

លោក សំ សីហា បានបញ្ជាក់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងទៀតថា ម្តាយរបស់លោក មានជំងឺរ៉ាំរ៉ៃនេះជាច្រើនឆ្នាំមកហើយ នឹងទទួលបានការព្យាបាលជាបន្តបន្ទាប់ ដោយឡែកនៅក្រោយពិធី​បុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥​កន្លងទៅថ្មីៗនេះ អាការៈជំងឺរបស់ម្តាយលោក បានវិវត្តន៍កាន់តែធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពកម្ពុជា- ចិន ព្រះកុសុមៈ ក្រោមការជួយយ៉ាងយកចិត្ត​​ទុកដាក់បំផុត​ពីក្រុមគ្រូពេទ្យជំនាញ ជាពិសេសតាមរយៈការជួយពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) តែទោះជាយ៉ាងណាម្តាយរបស់លោក បានអស់បុណ្យកុសលត្រឹមនេះ នឹងមិនអាចជួយ​សង្គ្រោះបានទៀតនោះទេ។

សូមបញ្ជាក់ដែរថា សពម្តាយបង្កើតរបស់លោក សំ សីហា នឹងតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព នៅភូមិពងទឹក ឃុំ ស្តេចគង់ខាងជើង ស្រុក បន្ទាយមាស ខេត្តកំពត។ ដំណឹងដ៏ក្រៀមក្រំនេះ​ទុកជាសេចក្តីគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ញាតិមិត្តជិត ឆ្ងាយនៃសពអញ្ជើញចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព៕