(កំពត)៖ សពបុរសម្នាក់ ក្នុងសភាពហើមរលួយ ត្រូវបានក្មេងឃ្លាលគោ ប្រទះឃើញនៅជិតស្ពានអូរក្រសារ ក្នុងស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
ស្នងការនគរបាលខេត្តកំពតបានបញ្ជាក់ថា បុរសរងគ្រោះជាអ្នករត់តាក់ស៊ី ពីកំពត-ភ្នំពេញ ហើយត្រូវបានគេប្លន់ សម្លាប់យករថយន្ដ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានឲ្យដឹងថា សពបុរសដែលគេប្រទះឃើញ នៅព្រឹកមិញនេះ មានឈ្មោះ ឃឹម នី ហៅលក អាយុ២៨ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ីពីកំពត-ភ្នំពេញ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
លោកស្នងការបន្ដថា សម្ភារៈដែលបាត់បង់ គឺរថយន្ដម៉ាក Camry ហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2C-9811។
លោកឧត្តមសេនីយ៍ទោបន្ថែមថា ឪពុកម្ដាយរបស់សាកសព បានប្រាប់សមត្ថកិច្ចថា កូនរបស់គាត់រត់តាក់ស៊ីរាល់ថ្ងៃ ប៉ុន្ដែ២-៣ថ្ងៃមុន ជនរងគ្រោះទូរសព្ទ័ប្រាប់ថា មកដល់កំពតវិញ និងដឹកម៉ូយទៅភ្នំពេញវិញ (ថ្ងៃតែមួយ) លុះចេញទៅវិញ គឺបាត់មិនឃើញចូលផ្ទះទេ ហើយទូរស័ព្ទតេចូលតែមិនលើក ដោយគាត់ (ឪពុកម្ដាយ) ស្មានតែជនរងគ្រោះ ទៅជួបអតីតប្រពន្ធដែលលែងលះគ្នាជាង១ឆ្នាំហើយ នៅឯខេត្តព្រៃវែង ទើបពួកគាត់មិនចាប់អារម្មណ៍។
សូមជម្រាបថា បុរសរងគ្រោះត្រូវបានគេប្រទះឃើញនៅព្រឹកមិញ ដោយត្រូវបានជនល្មើសស្លាប់រួច ប្រើស្កត់រំសពទម្លាក់ចូលនៅជិតស្ពានអូរក្រសារ ក្នុងស្រុកទឹកឈូ ខេត្តកំពត៕