(ភ្នំពេញ)៖ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងអ្នកឧកញ៉ា គៀន ស្រីនាង ទ្រីភាព ឧបត្ថម្ភថវិកាចំនួន ៣០០.០០០ ដុល្លារអាម៉េរិក ដល់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកគាំទ្រសកម្មភាពមនុស្សធម៌។
នៅព្រឹកថ្ងៃពុធ ទី១ ខែឧសភា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បាននាំយកថវិកានេះ ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាដោយផ្ទាល់ដៃ។
លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ទ្រីភាព តែងបានចូលរួមគាំទ្រសកម្មភាពរបស់កាកបាទក្រហមកម្ពុជារយៈពេលប្រមាណជា២០ឆ្នាំមកហើយ។
គិតចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ទ្រីភាព បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ២២លើក មានថវិកាសរុប ៤.៧៩៥.០០០ ដុល្លារអាមេរិក និង២លានរៀល។
ក្នុងជំនួបនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានពាំនាំនូវព្រះរាជសវណីរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលតែងតែបានចូលរួមបរិច្ចាគថវិកា សម្ភារ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ដែលនេះគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។
លោកជំទាវបណ្ឌិត ក៏បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដូចជាតាមរយៈការឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១២រៀងមក, ការឧបត្ថម្ភថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ, ការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប, ការចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សមាគម អង្គការ មជ្ឈមណ្ឌលនានា ដែលទទួលបន្ទុកខាងផ្នែកកុមារកំព្រា ជនមានពិការភាព ចាស់ឥតទីពឹងជាដើម ។ល។
ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ, ការសាងសង់ផ្ទះ-អណ្តូងទឹកជូនប្រជាពលរដ្ឋនៅតាមទីជនបទឆ្ងាយដាច់ស្រយ៉ាល និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅ កាកបាទក្រហមកម្ពុជា បានប្រើប្រាស់មូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ធ្វើប្រតិបត្តិការដោយមានអ្នកទទួលផលដោយផ្ទាល់និងប្រយោលប្រមាណជាង ២លាននាក់ តាមរយៈវិស័យអាទិភាពទាំង៤ រួមមាន៖ ១. ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២. សុខភាព និងការថែទាំសុខភាពតាមសហគមន៍ ៣. ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងសុខុមាលភាពសង្គម និង៤. ការអភិវឌ្ឍស្ថាប័ន។
លោកជំទាវបណ្ឌិត ក៏បានគោរពជូនពរដល់ លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់៕