(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់ប្រទេសនៅលើពិភពលោកមិនអាចកាត់ផ្តាច់ពីការធ្វើពាណិជ្ជកម្មនោះឡើយ ហើយក៏គ្មានប្រទេសណាមួយអាចផលិតបានគ្រប់បែបយ៉ាងនោះទេ ដូចនេះហើយគឺត្រូវមានការពឹងផ្អែកពីគ្នាទៅវិញទៅមក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលពិធីសំណេះសំណាលនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្តាច់ បិទច្រកនៃការធ្វើពាណិជ្ជកម្មនោះទេ រាប់ពាន់ឆ្នាំហើយគេធ្វើពាណិជ្ជកម្ម ចឹងរាប់ពាន់ឆ្នាំទៅមុខទៀត គឺនឹងត្រូវធ្វើពាណិជ្ជកម្ម គ្មានប្រទេសណាដែលអាចរស់ខ្លួនឯង ដាំដុះផលិតខ្លួនឯងគ្រប់មុខនោះទេ ចឹងត្រូវពឹងផ្អែកការផលិតខ្លះរបស់យើងលក់ទៅឱ្យគេ ហើយគេផលិតខ្លះមកវិញ បង្វិលគ្នាទៅវិញទៅមក»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងពិភពលោកដូចគ្នា បើគ្មានការកាត់ផ្តាច់ពិភពលោកទេ ទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែរីកធំ ព្រោះមនុស្សកាន់តែកើនឡើងហើយទំហ៊ំនៃតម្រូវការកាន់តែច្រើន ដូចនេះសម្រាប់ទំនិញ ទាំងបរិមាណ និងតម្លៃនឹងមានកាន់តែច្រើនឡើងថែមទៀត។
ជាមួយគ្នានោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដរាបណាការដឹកជញ្ជូនវត្ថុពិតនៅតែមាន យើងនៅតែប្រើប្រាស់នូវមធ្យោបាយដឹកជញ្ជូននៅតែដដែល មានផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស ហើយក្នុងប្រព័ន្ធផ្លូវដឹកជញ្ជូននេះមានតែផ្លូវទឹកទេដែលមានតម្លៃថោកជាងគេ ហើយមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹកនៅតែជាមធ្យោបាយសំខាន់ ក្នុងនោះសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះមានជិត ៨០% នៃទំនិញ បានដឹកតាមផ្លូវទឹក ដោយសារមានតម្លៃថោក និងមានប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើពាណិជ្ជកម្មលើពិភពលោកមិនថយទេ គឺមានតែកាន់តែកើនឡើង ហើយការដឹកជញ្ជូនតាមផ្លូវទឹក នឹងកាន់តែកើនឡើង ដូចនេះយើងត្រូវតែអនុវត្តគោលនយោបាយ និងធ្វើហេដ្ឋារចនាសម្ព័ន្ធដើម្បីត្រៀមលក្ខណៈចាប់យកសក្តានុពលទៅអនាគត់ ដូចនេះហើយកាវិនិយោគទៅលើកំពង់ផែ គឺជាការវិនិយោគដ៏ធំ និងជារឿងចាំបាច់ផងដែរ៕