(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការចរចាពាណិជ្ជកម្មជាមួយអាមេរិក មិនមែនងាយស្រួលនោះទេ ហើយបើទោះបីជា លំបាកយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា បន្តប្រឹងប្រែង ដើម្បីការពារប្រយោជន៍ជូនជាតិ និងប្រជាជន។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចបានរំលឹកអំពីវិធានការដាក់ពន្ធរបស់សហរដ្ឋអាមេរិក លើប្រទេសជាង២០០នៅលើពិភពលោក ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយកន្លងមកនេះ មានប្រទេសមួយចំនួនបានចរចាហើយ ប៉ុន្តែរហូតដល់ពេលនេះ មិនទាន់មានប្រទេសណាមួយ បានត្រូវរ៉ូវគ្នានៅឡើយទេ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «កិច្ចការងារនេះជាកិច្ចការស្មុគស្មាញ ហើយមកដល់ម៉ោងនេះ ហើយមកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយចរចាត្រូវទេ សូម្បីតែប្រទេសជប៉ុន ដែលជាមហាអំណាច ជាសម្ព័ន្ធមិត្តជាមួយសហរដ្ឋអាមេរិក តាំងពីសង្គ្រាមលោកលើកទី២ចប់ ត្រូវទទួលពន្ធ២៤ភាគរយ ហើយមិនដល់ម៉ោងនេះចរចាអត់ទាន់ត្រូវផង»។សម្តេចបានបន្តថា ប្រទេសជប៉ុន បានចាត់តាំងរដ្ឋមន្រ្តីពាណិជ្ជកម្ម ដោយបានជួបចរចាជាមួយអាមេរិក នៅទីក្រុងវ៉ាស៊ីនតោនហើយ នៅតែចរចាមិនត្រូវទៀត ដោយសារតែស្មុគស្មាញ។ សម្តេចបានបន្ថែមថា «ចរចាពាណិជ្ជកម្មមិនស្រួលទេ ចរចាមួយគឺចរចាទាំងអស់គ្នា បានន័យថាម៉េច បើជប៉ុនឱ្យទៅអាមេរិក ទាល់តែជប៉ុនឱ្យដូចគ្នាទៅប្រទេសទាំងអស់ ដូច្នេះជប៉ុនត្រូវគិតគូរទាំងអស់ បើឱ្យមួយទៅអាមេរិក ត្រូវឯកភាពឱ្យទៅអឺរ៉ុប និងប្រទេសផ្សេង...»

កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានដាក់ពន្ធលើប្រទេសនានា។ ជាមួយគ្នានេះអាមេរិកបានកំណត់យកពន្ធពីកម្ពុជាចំនួន ៤៩ភាគរយ ប៉ុន្តែពន្ធនេះអនុវត្តជាបណ្តោះអាសន្នត្រឹមតែ ១០ភាគប៉ុណ្ណោះ ក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ការដាក់ពន្ធរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្រោមហេតុផលថា អតុល្យភាពទំហំពាណិជ្ជកម្ម ដោយប្រទេសទាំងនោះនាំចូលទៅសហរដ្ឋអាមេរិកច្រើនជាងសហរដ្ឋអាមេរិកនាំចេញត្រឡប់ទៅវិញ។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងក្នុងការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក​ចាប់តាំងពីមានវិធានការដាក់ពន្ធនេះ។ សម្តេចបវរធិបតី បានបញ្ជាក់ទៀតថា៖ «ជាមួយកម្ពុជា យើងខិតខំទោះបីជាស្មុគស្មាញយ៉ាងណាក៏ដោយ ទោះបីជាលំបាកយ៉ាងម៉េចក៏ដោយ ក៏យើងបានចាត់វិធានការ និងត្រៀមលក្ខណៈបន្តទៀត ដើម្បីធ្វើកិច្ចការងារ គោលដៅអ្វី គឺគោលដៅការពារផលប្រយោជន៍ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ជាពិសេសសេដ្ឋកិច្ចយើង ដោយពឹងផ្អែកទៅលើការនាំចេញ អីចឹងគឺធ្វើយ៉ាងម៉េចធានាគាំទ្រទៅដល់ការងារប្រជាពលរដ្ឋ សេដ្ឋកិច្ចរបស់យើង ដើម្បីហោប៉ៅប្រជាពលរដ្ឋ នៅតែរក្សាបាន នេះជាគោលដៅ​ធំរបស់យើង»

សម្តេចបានបន្តថា ទោះបីជាមានអ្នកចំអកឱ្យរាជរដ្ឋាភិបាលក៏ដោយ ពួកគេចង់ថាអ្វីក៏ថាចុះ ប៉ុន្តែរាជរដ្ឋាភិបាល ​នៅតែបន្តធ្វើកិច្ចការងារនេះ ដែលមកដល់ពេលនេះ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានជួបជាមួយនឹងប្រធានតំណាង ពាណិជ្ជកម្មរបស់អាមេរិកម្តងហើយ កាលពីថ្ងៃទី១៦ ខែមេសា ហើយស្អែកនេះ នឹងត្រូវជួបម្តងទៀត។

«យើងនៅរង់ចាំពេលវេលា ហើយពេលណាដែលគេឱ្យយើងឡើងទៅអាមេរិក យើងនឹងឡើងទៅភ្លាម...ហើយយើងចាត់ដល់ថ្នាក់ឧបនាយករដ្ឋមន្រ្តី ដើម្បីធ្វើការងារនេះជាកម្រិតខ្ពស់បំផុតហើយ ក្រៅពីប្រមុខរដ្ឋាភិបាល»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាល។

កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អារម៉រិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ ឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។

កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកប្រធានាធិបតី Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈសុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

ក្នុងជំនួបភាគីទាំងពីរបានពិភាក្សា លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានផ្ដល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួម កិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដែលជាមូលដ្ឋានដើម្បីបន្តការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព៕