(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំទៅមិត្តជប៉ុន សុំកុំឱ្យភ័យ ឬបារម្ភរឿងកម្ពុជា ឈប់ធ្វើជាដៃគូជាមួយលើការអភិវឌ្ឍផែ ឱ្យសោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរជាយុទ្ធសាស្ត្រយូរអង្វែង។

ការលើកឡើងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាការអភិវឌ្ឍកំពង់ផែ ទាំង៣ជំហាន គឺបានដាក់ទុនជាង ៧៥០លានដុល្លារ ពីឥណទានរបស់ជប៉ុន ហើយកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន គឺជាគោលដៅធំ និងជាយុទ្ធសាស្ត្ររយៈពេលវែង ហើយសម្រាប់កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងប្រទេសជប៉ុន មាន៤ចំណុច ជាសរស្តម្ភ ក្នុងនោះមានចំណុចមួយ គឺការពង្រីកផែ ខេត្តព្រះសីហនុ ដែលគេហៅថា ចូលទៅក្នុងយុទ្ធសាស្ត្រទ្វេភាគីរវាងកម្ពុជា និងជប៉ុន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសុំឱ្យមិត្តជប៉ុន ឈប់ភ័យ មិត្តជប៉ុន រវល់តែភ័យខ្លាចកម្ពុជា លែងរើសជាមួយជប៉ុន ដើម្បីអភិវឌ្ឍន៍ផែ អត់ទេ យុទ្ធសាស្ត្រយូរអង្វែងណាស់ យើងធ្វើជាមួយគ្នានៅទីនេះ យើងធ្វើតាំងពីកវែក កឆ្នាំង តាំងពីមិនទាន់រីកបាន ១លាន ឥឡូវយើងនឹងធ្វើរហូតទៅ ២ ឬ៣លាន ទៅជាមួយគ្នា ជប៉ុនជាដៃ សុំឱ្យធ្វើជាមួយគ្នា»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានធ្វើជាដៃគូដ៏ល្អអភិវឌ្ឍតំបន់ភស្តភាកម្ម និងកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ដូច្នេះកម្ពុជា និងជប៉ុន នឹងបន្តធ្វើកិច្ចការងារជាច្រើនទៀតជាមួយគ្នា។

«ខ្ញុំបញ្ជាក់ម្តងទៀត សុំកុំភ័យកុំបារម្ភ ថាកម្ពុជា មិនឱ្យជប៉ុន ចូលរួមក្នុងការអភិវឌ្ឍជាយុទ្ធសាស្ត្រនៅផែព្រះសីហនុ យើងចាប់ដៃគូ យើងសម្តេចហើយ នៅជាមួយគ្នា»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ត្រង់ចំណុចនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ភាពដៃជាគូរវាងកម្ពុជា និងជប៉ុន លើកិច្ចអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចធានាបានដរាបណាគណបក្សប្រជាជនកម្ពុជានៅដឹកនាំកម្ពុជា។ ប៉ុន្តែ ប្រសិនបើបក្សដទៃដឹកនាំ សម្តេចមិនធានានោះឡើយ តែរដ្ឋាភិជប៉ុន សប្បាយចិត្ត និងចង់ឃើញទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលជប៉ុន អាចនៅបន្តគោលនយោបាយដែលមានលំនឹងនាពេលបច្ចុប្បន្ននេះផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជា មិនត្រូវការយកប្រទេសណាជាសត្រូវនោះទេ គឺជាមិត្តគ្រប់ប្រទេស។ កម្ពុជា មានប្រជាពលរដ្ឋ១៧លាននាក់ តែអង្គុយជជែកស្មើមុខស្មើមាត់ជាមួយប្រទេសនានា៕