(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួង មានក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពរៀបចំដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាល «វិជ្ជាជីវៈទេសចរណ៍អាស៊ាន» ក្នុងកម្មវិធីអប់រំកម្រិតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដើម្បីផ្តល់ជំនាញទេសចរណ៍ដល់សិស្សានុសិស្ស ក្នុងរយៈពេល៣ឆ្នាំ ដោយទទួលបានសញ្ញាបត្រវិជ្ជាជីវៈទេសចរណ៍ មានតម្លៃស្មើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (Bac II)។
ក្រៅពីទទួលបានសញ្ញាបត្រវិជ្ជាជីវៈទេសចរណ៍ សិស្សានុសិស្សទាំងអស់ ក៏ត្រូវបានទទួលស្គាល់ជាអ្នកជំនាញទេសចរណ៍ ដែលមានសមត្ថភាពស្របតាមស្តង់ដារអាស៊ាន ថែមទាំងត្រូវបានចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអាស៊ាន ព្រមទាំងមានលទ្ធភាពចាប់យកឱកាសការងារក្នុងប្រទេស និងតាមបណ្តាប្រទេសសមាជិកអាស៊ាន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង «ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញទេសចរណ៍អាស៊ាន (MRA)»។
បើតាមមន្រ្តីក្រសួងទេសចរណ៍ ការសិក្សាតាមកម្មវិធីបណ្តុះបណ្តាលខាងលើ នឹងផ្តល់ឱកាសដល់យុវជនអាចចូលបម្រើការងារនៅវ័យក្មេង ហើយអភិវឌ្ឍជំនាញរបស់ខ្លួនថែមទៀត ស្របតាមមាគ៌ាអភិវឌ្ឍន៍ជំនាញ ដែលក្រសួងទេសចរណ៍ធ្លាប់បានផ្សព្វផ្សាយ នាពេលកន្លងមក។
មន្រ្តីបានបន្តថា «ដើម្បអនុវត្តកិច្ចសហប្រតិបត្តិការខាងលើ ក្រសួងទេសចរណ៍ និងក្រសួងអប់រំ បានចេញប្រកាសអន្តរក្រសួងបង្កើត គណៈកម្មការរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍អាស៊ាន តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស»។
សូមបញ្ជាក់ថា «យុវជនដែលពុំទាន់មានវិញ្ញាបនបត្រ ឬសញ្ញាបត្រវិជ្ជាជីវៈទេសចរណ៍ ប៉ុន្តែមានបទពិសោធន៍ការងារផ្នែកជំនាញទេសចរណ៍ អាចចូលរួមស្នើសុំការវាយតម្លៃលើសមត្ថភាព ឬបទពិសោធន៍ តាមរយៈយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL: Recognition of Prior Learning) ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ បានដាក់ចុះដើម្បីបានការទទួលស្គាល់ស្របតាមកម្រិតវិញ្ញាបនបត្រ ឬសញ្ញាបត្រវិជ្ជាជីវៈទេសចរណ៍ តាមសមត្ថភាពជាក់ស្តែងរបស់ខ្លួន»៕